សិប្បកម្មសូត្រមាសភាច ផលិតសរសៃសូត្របានយ៉ាងល្អប្រណិត ត្បាញជាចរបាប់ ក្នុងមួយក្បិន ជាង១ម៉ឺនដុល្លារ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 08.06.2020៖

សិប្បកម្មសូត្រមាសភាច(Golden Silk Pheach) ជាសិប្បកម្មក៏កម្រមួយដែល ផលិតសរសៃសូត្របានយ៉ាងប្រណិត ដើម្បីត្បាញជាចរបាប់ ដែលមានតម្លៃខ្ពស់ជាង១ម៉ឺនដុល្លារក្នុងមួយក្បិន ដោយសារតែចរបាប់នេះមានក្បូរក្បាច់រចនាយ៉ាងល្អប្រណិត ។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីនៃខេត្តសៀមរាប បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ចរបាប់ឬសារបាប់ ជាប្រភេទសំពត់មានសាច់ក្រាស់ធ្ងន់ ត្បាញដោយសូត្រលាយចេសមាស លើកជាគោមរំលេចដោយក្បាច់រចនាយ៉ាងល្អប្រណិតបំផុត ដែលពីសម័យបុរាណគេទុកប្រើប្រាស់សំរាប់តែត្រកូលក្សត្រ ដោយការត្បាញគឺត្រូវប្រើរយៈពេលប្រមាណពី ១ទៅ២ឆ្នាំ ។
លោកបានបន្តថា សិប្បកម្មសូត្រមាសភាច ស្ថិតនៅភូមិប្រីយ៍ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានសមាជិកជាង២០នាក់ ជាសិប្បកម្មដែលមានលក្ខណៈពិសេសដាច់គេម្យ៉ាង អាចផលិតវត្ថុធាតុដើមដោយខ្លួនឯងផ្ទាល់ ចាប់តាំងពីការដាំដើមមន ការចិញ្ចឹមដង្កូវនាង រហូតដល់ការត្បាញបានសំរេច ដែលសឹងតែមិនមានសិប្បកម្មណាអាចធ្វើបែបនេះបាននោះឡើយ ។
តាមដឹងគឺយើងមិនមានកន្លែងណាដែលអាចធ្វើបានក្នុងកម្រិតគុណភាពបែបនេះទេ ព្រោះយើងឃើញថាកន្លងមក មានការធ្វើក្នុងទម្រង់ផ្សេងៗគ្នា ឧទាហរណ៍ដូចជានៅក្នុងស្រុក គាត់មានការផលិតដែល ប៉ុន្តែនៅទីនោះគាត់ធ្វើជាលក្ខណៈសាមញ្ញធម្មតា ហើយកន្លែងខ្លះទៀត គាត់អាចមានលក្ខណៈជាត្បាញ ប៉ុន្តែយកវត្ថុធាតុដើមពីខាងក្រៅដើម្បីយកមកត្បាញក្នុងប្រទេសកម្ពុជា ដោយឡែកនៅក្នុងសិប្បកម្មសូត្រមាសភាចនេះ គឺគាត់ធ្វើដោយខ្លួនឯង គឺការផលិតដោយខ្លួនឯង វត្ថុធាតុដើមខ្លួនឯងសុទ្ធសាធ ហើយគាត់ធ្វើដល់ទីបញ្ចប់នៅក្នុងកម្រិតគុណភាពខ្ពស់ សម្រាប់តែការនាំចេញ ឬក៏ជាស្នាដៃបែបសិល្បៈដែលមានកម្រិតខ្ពស់។
សូមបញ្ជាក់ថា រដ្ឋបាលស្រុកបន្ទាយស្រី កំពុងសិក្សាជាមួយក្រុមហ៊ុននិងមន្ទីរពាណិជ្ជកម្ម ពិនិត្យមើលលទ្ធភាពជ្រើសរើសយកភូមិណាមួយនៅក្នុងស្រុក ដើម្បីជំរុញការដាំដើមមន និងផ្គត់ផ្គង់សំបុកកូននាងដែលមានគុណភាពខ្ពស់ ដើម្បីបានជួយផ្គត់ផ្គង់ទៅដល់ការផលិតសូត្រឆៅនៅក្នុងស្រុកផង និងជួយបង្កើតការងារ កាត់បន្ថយការធ្វើចំណាកស្រុក និងបង្កើនប្រាក់ចំណូលដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រីផង ជាពិសេសក្នុងចំណោមស្រ្តី ៕