សហគមន៍កសិកម្មចំនួន៥នៅខេត្តព្រះវិហារទទួលបានម៉ាស៊ីនដាំគ្រាប់ស្រូវស្វ័យប្រវត្តិពីគម្រោងGIZ RED IV

វិទ្យុជាតិកម្ពុជា អត្ថបទ វ៉ែន សុវុទ្ធី៖

រដូវវស្សាឆ្នាំនេះសហគមន៍កសិកម្មចំនួន៥នៅខេត្តព្រះវិហារទទួលបានម៉ាស៊ីនដាំគ្រាប់ស្រូវស្វ័យប្រវត្តិពីគម្រោងGIZ RED IVដើម្បីពន្លឿនដល់ការធ្វើកសិកម្មស្រូវឱ្យបានលឿន និងកាត់បន្ថយការប្រើកម្លាំងពលកម្ម។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ និងនេសាទខេត្តព្រះវិហារបានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា សហគមន៍កសិកម្មចំនួន៥នោះក្នុងមួយសហគមន៍ទទួលបានជំនួយម៉ាស៊ីនដាំគ្រាប់ស្រូវស្វ័យប្រវត្តិនេះចំនួន១ដើម្បីដាំស្រូវនៅក្នុងសហគមន៍តែម្តង។
លោកបានបន្តថា ម៉ាស៊ីនដាំគ្រាប់ស្រូវនេះមានមុខងារដាំស្រូវបានល្អហើយ ក្រោយពីការដាំដុះស្រូវមានការលូតលាស់បានល្អនិងដុះត្រង់ជួរ ដែលងាយស្រួលក្នុងការថែទាំ ដែលធ្វើឲ្យស្រូវទទួលបានពន្លឺថ្ងៃគ្រប់គ្រាននិងសុខភាពល្អ។
»យើងឃើញតាមពិសោធន៍កន្លែងផ្សេងធ្វើមកយើងទៅមើលគេដាំវាទៅឃើញទិន្នផលមានការកើនឡើងបើប្រៀបធៀបនឹងបច្ចេកទេសដែលយើងព្រោះធម្មតាមួយវិញទៀតម៉ាស៊ីនដាំគ្រាប់ស្រូវនិងឃើញទិន្នផលនឹងវាកើនឡើងយើងរៀបចំដីបានល្អវាអត់សូវមានស្មៅផងទាក់ទងនឹងការពង្រីកសារភាពនឹងទៅច្រើនកន្លែងសហគមន៍ជាច្រើនទៀតក្រោយពីសហគមន៍ទាំង ៥ដែលបានទទួលសម្ភារៈយកទៅប្រើប្រាសគាត់ធ្វើទៅទទួលបានជោគជ័យយើងនឹងពង្រីកបន្ថែមទៀត»»។
លោកប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារបានបញ្ជាក់ថា មន្ទីរគ្រោងនិងពង្រីកផ្ទៃដីដាំដុះបន្ថែមទៀត បន្ទាប់ពីប្រជាកសិករទាំង៥សហគមន៍នេះធ្វើការសាកល្បងដាំដុះទទួលបានជោគជ័យ ៕