សម្ដេចតេជោហ៊ុនសែនផ្ញើសារក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋឲ្យចូលរួមការពារនិងទប់ស្កាត់ជំងឺ 19

វិទ្យុជាតិកម្ពុុជា៖

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋឲ្យចូលរួមការពារនិងទប់ ស្កាត់ជំងឺ 19ដោយបងប្អូនប្រជាពលរដ្ឋត្រូវមានម៉ាស ទឹកអាល់កុល ឬចឹលដាក់ជាប់តាមខ្លួនជាប្រចាំ។
នៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោនៅព្រឹកថ្ងៃទី 7 មិថុនាឆ្នាំ 2020 នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានសរសេរថា ខ្ញុំសូមផ្ញើសាររំលឹកអំពីការចូលរួមទប់ស្កាត់ជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ជាពិសេសនៅថ្ងៃចុងសប្តាហ៍ដែលអាចមានបងប្អូនប្រជាពលរដ្ឋមួយចំនួនធ្វើដំណើរកំសាន្តនៅតាមតំបន់រមណីយដ្ឋាននានាដែលអាចជួបជុំក្រុមមនុស្សច្រើន ឬក៏មានក្រុមគ្រួសារខ្លះនាំកូនចៅទៅទទួលទានអាហារនៅតាមភោជនីយដ្ឋាន​ និងដើរកំសាន្តនៅតាមផ្សារទំនើបតូចធំជាដើម។ នៅតាមផ្សារ ភោជនីយដ្ឋាន ជាពិសេសមន្ទីរពេទ្យត្រូវមានម៉ាស និងមានទឹកអាល់កុល ឬចឹលប្រើប្រាស់អោយបានត្រឹមត្រូវ​និងគ្រប់គ្រាន់ដេីម្បីទប់ស្កាត់ការការឆ្លងរោគ។
សម្តេចតេជោបានបន្តទៀតថា ចំពោះបងប្អូនប្រជាពលរដ្ឋត្រូវមានម៉ាស ទឹកអាល់កុល ឬចឹលដាក់ជាប់តាមខ្លួនជាប្រចាំ។ ព្រោះជំងឺនេះងាយឆ្លងណាស់។ កុំធ្វេសប្រហែសអោយសោះ ឬគិតលេងៗថាមិនអីទេ ប្រទេសយើងមិនឆ្លងទេ នោះគឺកំពុងប្រថុយនឹងគ្រោះថ្នាក់ធំហើយ។ ជំងឺកូវីដ១៩ដ៏កាចសាហាវនេះកំពុងឆ្លងរាតត្បាតនៅពាសពេញពិភពលោក ដែលមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។ ដូច្នេះគ្រប់គ្នាត្រូវប្រុងប្រយ័ត្នការពារសុខភាព។ បេីមានចម្ងល់ឬបញ្ហាអ្វីមិនច្បាស់អំពីជំងឺកូវីដ១៩ (Covid-19) សូមទូរស័ព្វទៅលេខ ១១៥។
ជាចុងក្រោយនៃសារសម្ដេចតេជោក៏បានជូនពរបងប្អូនជនរួមជាតិធ្វើដំណើរមានសុខសុវត្ថិភាព និងចៀសផុតពីជំងឺឆ្លងកូវីដ១៩​ ទាំងអស់គ្នា៕