មន្ទីរវប្បធម៌ខេត្ដតាកែវ ប្ដេជ្ញាថែរក្សាសិល្បៈអាយៃ ល្ខោនបាសាក់ និងល្ខោនយីកេឱ្យនៅគង់វង្ស

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា
MC៖មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ដតាកែវ បានប្ដេជ្ញាថែរក្សាសិល្បៈអាយៃ ល្ខោនបាសាក់ និងល្ខោនយីកេឱ្យនៅគង់វង្សដើម្បីអភិរក្សសិល្បៈមរតករបស់ខ្មែរកុំឱ្យមានការបាត់បង់។

ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មានរបស់វិទ្យុជាតិកម្ពុជានៅឯទីរួមខេត្ដតាកែវ លោក ជេត ពិសុទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ បានឱ្យដឹងថា មន្ទីរបានដាក់ផែនការជ្រើសរើស និងបណ្ដុះបណ្ដាលសិល្បៈជាយុវជនដែលមានទេពកោសល្យជារៀងរាល់ឆ្នាំ ដើម្បីបន្ដវេនពីជំនាន់មួយទៅជំនាន់មួយទៀត ពីរៀមច្បងសិល្បៈករ សិល្បៈការនីដែលមានបទពិសោធន៍ និងមានជំនាញ ល្ខោនបាសាក់ យីកេ អាយ៉ៃ។
លោកប្រធានមន្ទីរ បានបញ្ជាក់ថា ការជ្រើសរើស និងបណ្ដុះបណ្ដាលសិល្បៈជាយុវជនដែលមានទេពកោសល្យជារៀងរាល់ឆ្នាំនេះ ដើម្បីធ្វើយ៉ាងណាកុំឱ្យសិល្បៈអាយៃ ល្ខោនបាសាក់ និងល្ខោនយីកេជារបស់ខ្មែរមួយនេះឱ្យនៅគង់វង្ស បន្ទាប់ពីបច្ចុប្បន្ននេះសិល្បៈទាំងនេះ ស្ទើតែបាត់បង់ ដោយសារការជ្រាបចូលសិល្បៈបរទេស។
លោកប្រធានមន្ទីរ បានបញ្ជាក់ទៀតថា ការរក្សា និងអភិរក្សសិល្បៈអាយៃ ល្ខោនបាសាក់ និងល្ខោនយីកេជារបស់ខ្មែរមួយនេះ ដើម្បីបញ្ជាក់ និងបង្ហាញថា សិល្បៈវប្បធម៌ប្រពៃណីនេះជារបស់ខ្មែរ និងទប់ស្កាត់ការចម្លងពីប្រទេសជិតខាង ជាពិសេសសម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយ។
ជាមួយគ្នានេះ លោកប្រធានមន្ទីរវប្បធម៌ខេត្តតាកែវ បានអំពាវនាវឲ្យយុវជនចូលរួមគាំទ្រសិល្បៈអាយៃ ល្ខោនបាសាក់ និងយេកេអោយបានច្រើន ដើម្បីចូលថែរក្សា និងលើកកម្ពស់វប្បធម៌ប្រៃណីខែ្មរឱ្យកាន់តែមានភាពរស់រវើក ។
លោក ចាន់ វណ្ណរិទ្ធ និងប្រជាពលរដ្ឋរស់នៅក្នុងខេត្តតាកែវ បានគាំទ្រ និងចូលរួមថែរក្សា អភិរក្ស ដើម្បីទុកសម្បត្ដិវប្បធម៌ខែ្មរដែលមានតម្លៃថ្លៃថ្នូរ និងបង្ហាញដល់បណ្ដាប្រទេសមួយចំនួនកាន់តែបានស្គាល់ច្បាស់ពីសិល្បៈវប្បធម៌ខ្មែរដ៏ផូផង់មួយនេះ។
ប្រជាពលរដ្ឋមើលឃើញថា សិល្បៈអាយៃ ល្ខោនបាសាក់ និងល្ខោនយីកេ គឺជាសិល្បៈដែលមានទម្រង់បង្កប់ដោយប្រវត្ដសាស្រ្ដ និងរឿងនិទាន ដោយធ្វើឱ្យប្រជាពលរដ្ឋទស្សនាហើយមានការយល់ដឹងច្រើនប្រវត្ដខ្មែរ និងបានសប្បាយរីករាយផងដែរ៕