ក្រសួងទេសចរណ៍ដាក់ចេញវិធានសុវត្ថិភាពទេសចរណ៍និងក្រមប្រតិបត្តិថ្មីៗសម្រាប់អាជីវកម្មទេសចរណ៍ធំៗចំនួន៤ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-១៩

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី

ក្រសួងទេសចរណ៍ ដាក់ចេញនូវវិធានសុវត្ថិភាពទេសចរណ៍និងក្រមប្រតិបត្តិថ្មីៗ សម្រាប់អាជីវកម្មទេសចរណ៍ធំៗចំនួន៤ ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ ដើម្បីចូលរួមពង្រឹងការទប់ស្កាត់ការរីករាលដាលជំងឺនេះប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា វិធានសុវត្ថិភាពទេសចរណ៍ និងក្រមប្រតិបត្តិសម្រាប់អាជីវកម្មទេសចរណ៍ធំៗចំនួន៤នោះរួមមាន៖ អាជីវកម្មសេវាកម្មស្នាក់នៅ អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ អាជីវកម្មរមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ អាជីវកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវគោកនិងផ្លូវទឹក ។

ក្នុងសន្និសីទសារព័ត៌មាន ធ្វើឡើងក្នុងពិធីផ្សព្វផ្សាយស្ដីពី បទដ្ឋានគតិយុត្តដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់ដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ នៅសណ្ឋាគារភ្នំពេញកាលពីថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២០ ឯកឧត្តម ថោង ខុនបានអះអាងថា វិធានសុវត្ថិភាពទេសចរណ៍នេះ មានការពិភាក្សាយ៉ាងហ្មត់ចត់បំផុត ជាមួយក្រសួងសុខាភិបាល និងផ្នែកឯកជន ដើម្បីចូលរួមក្នុងការទប់ស្កាត់ឱ្យបានកាន់តែល្អក្នុងជំងឺរីករាលដាលនេះ ជាពិសេសជួយសម្រួលដល់ដំណើរការអាជីវកម្មរបស់ផ្នែកឯកជន ឲ្យមានដង្ហើមឡើងវិញផងដែរ ។

សំឡេង ៖« យើងធ្វើកិច្ចការងារនេះ ដើម្បីឲ្យធ្វើយ៉ាងណាគឺធានាបង្កើននូវប្រសិទ្ធភាពនៃការអនុវត្តនូវវិធានការដែលរាជរដ្ឋាភិបាលបានដាក់ចុះ ក៏ដូចជាក្រសួងសុខាភិបាលឲ្យបានកាន់តែខ្លាំងថែមទៀត គឺចូលរួមក្នុងការទប់ស្កាត់ឲ្យកាន់តែល្អឲ្យបានម៉ឺងម៉ាត់ ហើយក៏ធ្វើយ៉ាងណាសម្រួលដល់អាជីវកម្មប៉ុន្មានប្រភេទខាងលើ ដែលខ្ញុំបានជម្រាបជូននេះ ឱ្យបានដំណើរការជាបណ្ដើរបណ្ដើរផងដែរ »។

សូមបញ្ជាក់ថា វិធានសុវត្ថិភាពទេសចរណ៍ និងក្រមប្រតិបត្តិថ្មីៗសម្រាប់អាជីវកម្មទេសចរណ៍ធំៗចំនួន៤ ខាងលើនេះ គឺត្រូវផ្សព្វផ្សាយបញ្ជ្រាបឱ្យមានការអនុវត្តនៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស ៕