ក្រសួងសុខាភិបាលចុះណែនាំដល់មន្ត្រីសុខាភិបាលនៅខេត្តចំនួន៣ដែលភ្ញៀវទេសចរជាតិទៅកម្សាន្តច្រើន

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ

MC៖ក្រសួងសុខាភិបាលចុះណែនាំដល់មន្ត្រីសុខាភិបាលនៅខេត្តចំនួន៣ដែលភ្ញៀវទេសចរជាតិទៅកម្សាន្តច្រើនក្នុងរយះពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ  ដើម្បីមានបច្ចេកទេសគ្រប់គ្រាន់ក្នុងការប្រយុទ្ធជាមួយរលកទី២នៃវីរុសកូវីដ-១៩។

លោកជំទាវវិជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យដឹងថា  ដោយមានការសង្កេតឃើញថា ក្នុងរយះពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ភ្ញៀវទេសចរបានសម្រុកទៅកម្សាន្តនៅតាមតំបន់ទេសចរណ៍នានា ទូទាំងប្រទេសជាពិសេសទៅខេត្តមណ្ឌលគិរី រតនៈគិរី និងក្រចេះ ដែលនេះជាក្តីបារម្មណ៍មួយ នៃការចម្លងនៃកូវីដ-១៩ ។ ហេតុដូចនេះ ក្រសួងបានសហការជាមួយអង្គសុខភាពពិភពលោក  និងអ្នកជំនាញពាក់ព័ន្ធផ្សេងៗទៀតដើម្បីធ្វើការរួមគ្នា  និងណែនាំទៅដល់មន្ត្រីសុខាភិបាល​នៅទីនោះ  ដើម្បីឲ្យពួកគាត់ចេះនូវនីតិវិធីនៃការចាត់ចែងអ្នកជំងឺ និងពិនិត្យឱ្យបានច្បាស់លាស់នូវអ្នកជំងឺដែលសង្ស័យថាមានផ្ទុកកូវីដ១៩ ខណៈដែលខេត្តទាំង៣នេះ មិនធ្លាប់មានអ្នកជំងឺដែលមានវិជ្ជាមានកូវីដ១៩ឡើយ។

សំឡេង៖ «ការងារទី១គឺដើម្បីពង្រឹងនៃការងារ ថ្វីដ្បិតតែខេត្តខាងភូមិភាគឦសាន រកមិនឃើញមានករណីវិជ្ជាមាននៃវីរុសកូវីដ១៩ទេ ក៏ប៉ុន្តែដោយសារបច្ចុប្បន្នថ្មីៗនេះ គឺថាប្រជាពលរដ្ឋយើងលោកធ្វើដំណើរ ទៅកាន់ទៅនោះច្រើន ចឹងហើយបានជាយើងត្រូវតែគិតគូជាមុន កុំឲ្យដើរក្រោយសភាព​​ការណ៍ មានន័យថាយើងត្រូវគិតគូរជាមុន ដើម្បីជួយទៅដល់មន្ទីរសុខាភិបាលរាជធានីខេត្ត ឲ្យគាត់ចេះគ្រប់គ្រង និងចាត់ចែងនូវនីតិវិធី ក្នុងការជួយទៅដល់បងប្អូនប្រជាពលរដ្ឋរបស់យើង នៅក្នុងករណីណាមួយ  ព្រោះយើងមិនត្រូវអង្គុយចាំថាទាល់តែមានហើយ ទើបធ្វើទេ  អញ្ចឹងហើយយើងត្រូវតែត្រៀមលក្ខណៈធ្វើយ៉ាងម៉េចឲ្យពួកគាត់ត្រៀមរួចរាល់ជាស្រេចនៅពេលណាដែលមានហេតុការណាមួយនៃការឆ្លងកើតឡើងនោះ គឺថាយើងអាចចាត់ចែងបានលឿននិងបានទាន់ពេលវេលា យើងរកឃើញភ្លាម យកមកភ្លាមដាក់ព្យាបាលភ្លាម យើងទប់ស្កាត់បានភ្លាម មានន័យថាយើងអាចកាត់ផ្ដាច់បាននូវការចម្លងពីបុគ្គលមួយទៅបុគ្គលមួយ អញ្ចឹងវាមិនមានការឆ្លងច្រើនទេ  អញ្ចឹងកន្លែងនេះហើយជាចំណុចសំខាន់ដែលយើងត្រូវបន្តនូវកិច្ចការរបស់យើង»។

សូមបញ្ជាក់ថា បច្នុប្បន្នកម្ពុជា មានករណីវីជ្ជាមានវីរុសកូវីដ១៩ចំនួន ១២៥ករណីក្នុងនោះព្យាបាលជាសះស្បើយចំនួន១២៣នាក់ និងសល់ពីនាក់ទៀតមន្ត្រីសុខាភិបាលកំពុងបន្តព្យាបាលដោយសុខភាពពួកគេមានលក្ខណៈប្រសើរធម្មតា។

យ៉ាងណាក៏ដោយក្រសួងសុខាភិបាល នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ឲ្យបានកាន់តែសកម្មថែមទៀត  ជាពិសេស អាជ្ញាធរខេត្ត និងមន្ទីរទេសចរណ៍ ត្រូវរក្សានូវគន្លាតសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ ដែលទៅទស្សនាកម្សាន្តនៅតាមភូមិសាស្រ្តរបស់ខ្លួន ដើម្បីកុំឲ្យមានរលកទី២កើតមានឡើងក្នុងប្រទេសកម្ពុជា ខណៈដែលជំងឺនេះកំពុងតែបន្តរាតត្បាតនៅទូទាំងពិភពលោក ហើយមកទល់ពេលនេះ បណ្តានៅលើពភិពលោកក៏ មិនទាន់រកឃើញមានថ្នាំព្យាបាល ឬវ៉ាសាំងការពារមេរោគនេះទេ៕