ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តព្រះវិហារ ចុះពន្លឿនការសាងសង់ស្ពានស្ទឹងស្តៅ ស្ថិតក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារឲ្យហើយតាមផែនការ

វិទ្យុជាតិកម្ពុជា
MC:ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តព្រះវិហារ ចុះពន្លឿនការសាងសង់ស្ពានស្ទឹងស្តៅ ស្ថិតក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារឲ្យហើយតាមផែនការ ដើម្បីបំរើការការធ្វើចរាចរណ៍របស់ប្រជាពល រដ្ឋក្នុងមូលដ្ឋាន។
ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តព្រះវិហារ អមដំណើរដោយឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត បានចុះពិនិត្យស្ពានដែកបេឡេក្រាលឈើមួយកន្លែង ដែលសាងសង់បានប្រមាណ ៩០% ហើយ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋចំនួន ០៣ភូមិ គឺភូមិសុច ភូមិត្រពាំងធ្លក និងភូមិតាបស់ នៅក្នុងឃុំស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ឆ្ពោះទៅតំបន់អភិរក្សសត្វព្រៃភ្នំត្នោត និងភ្នំពក ជំនួសអោយស្ពានឈើចាស់ ទ្រុឌទ្រោម ដែលរងការឆាបឆេះដោយសារភ្លើងឆេះព្រៃ កាលពីរដូវប្រាំងកន្លងទៅនេះ ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី មាស សុភា បានអបអរចំពោះសមិទ្ធផលថ្មីមួយនេះ និងអរគុណចំពោះរដ្ឋបាលខេត្ត មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត មន្ត្រីក្រោមឱវាទ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដែលបានខិតខំប្រឹងប្រែងកសាងស្ពាននេះឡើងវិញ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ជាពិសេសជួយសម្រួលដល់ការធ្វើដំណើរនៅរដូវវស្សា ដែលនឹងឈានចូលមកដល់នាពេលខាងមុខ ។
ឯកឧត្តម បានបន្ថែមទៀតថា ស្ពានដែកបេឡេថ្មីឆ្លងស្ទឹងស្តៅនេះ គឺមានការជួយឧបត្ថម្ភដែកស្ពានបេឡេតពី ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ឧបត្ថម្ភឈើក្រាលស្ពានដោយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឧបត្ថម្ភសរសរដែកស្ពានដោយ ឯកឧត្តម ទេសរដ្ឋមន្ត្រី មាស សុភា និងឯកឧត្តម ប្រាក់ សុវណ្ណ ហើយអនុវត្តការងារសាងសង់ ដោយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត មិនមានថវិការបស់សប្បុរសជនណាផ្សេងនោះទេ ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បានគូសបញ្ជាក់អោយដឹងថា ស្ពានដែកបេឡេតក្រាលឈើមួយនេះមានប្រវែង ៤៨ម៉ែត្រ ទទឹង ៤.២ម៉ែត្រ ហើយឈើដែលក្រាលស្ពាននេះ គឺយកឈើចាស់ៗដែលរលំនៅក្នុងព្រៃ មិនបានកាត់ឈើថ្មីយកមកប្រើនោះទេ ចំពោះឈើក្រាលស្ពាននោះ គឺមានការពិនិត្យ និងរាប់ជារៀងរាល់ថ្ងៃពីលោក បេន ដេវីស ជនជាតិអាមេរិកកាំង ដែលជាអ្នកការពារសត្វព្រៃ និងព្រៃឈើតំបន់អភិរក្សភ្នំត្នោត និងភ្នំពក ហើយស្ពាននេះអនុញ្ញាតឱ្យតែរថយន្តបើកបរកម្ពស់ ២.៥ម៉ែត្រប៉ុណ្ណោះ ។
ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានឧបត្ថម្ភថវិកាចំនួន ៥០លានរៀល ដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងបានឧបត្ថម្ភសម្ភារ ថវិកា ដល់លោក បេនដាវីស ផងដែរ៕