វត្តមានធនាគារ ជីប ម៉ុង សាខាខេត្តបាត់ដំបង នឹងជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្តនេះ

AKP បាត់ដំបង ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០

ធនាគារ  ជីប ម៉ុង  បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នូវធនាគារ ជីប ម៉ុង សាខាខេត្តបាត់ដំបង នៅថ្ងៃទី០៥  ខែមិថុនា នេះ  ក្រោមអធិបតីភាព ឯកឧត្តម  ជា ចាន់តូ ទេសាភិបាលនៃ ធនាគារជាតិនៃកម្ពុជា ដើម្បីចូលរួមជួយបង្កើនកំណើនសេដ្ឋកិច្ចក្នុងខេត្ត  នេះ។

ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង និងជាភាគទុនិក (ម្ចាស់ភាគហ៊ុន) នៃ  ធនាគារ ជីប ម៉ុង  លោកឧញ៉ា  លាង ឃុន   មានប្រសាសន៍ថា «វត្តមាន ធនាគារ  ជីប ម៉ុង ក្នុងខេត្តបាត់ដំបង  នឹងជួយគាំពារផ្នែកហិរញ្ញវត្ថុដល់ម្ចាស់ក្រុមហ៊ុនផ្សេងៗ    សហគ្រាស   និង សិប្បកម្ម ពាណិជ្ជករ   កសិករ និងប្រជាពលរដ្ឋទូទៅ  ដើម្បីពង្រីកមុខរបររបស់ពួកគេ   ជាពិសេសទទួលបានភាពងាយស្រួលក្នុងការធ្វើចរន្តសាច់ប្រាក់ផ្សេងៗ »។

លោកឧញ៉ា    លាង ឃុន   មានប្រសាសន៍បន្ថែមថា ធនាគារ  ជីប ម៉ុង ក៏ ប្តេជ្ញា បន្ត អភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាធនាគារ  ឌីជីថល  ដើម្បីបម្រើសេវាហិរញ្ញវត្ថុ កាន់តែងាយស្រួលជូន ដល់អតិថិជនទាំងអស់នៅក្នុងខេត្តបាត់ដំបង។

ការបោះជំហាន របស់ធនាគារ ជីប ម៉ុង  មកកាន់ខេត្តបាត់ដំបង  ដែលជាសាខាទី៨  នឹងជួយជំរុញសេដ្ឋកិច្ចក្នុងខេត្តនេះ ឱ្យកាន់តែរីកចម្រើនតាមរយៈការផ្តល់ជូនប្រជាពលរដ្ឋ ក្នុង ខេត្តនេះ នូវផលិតផល និងសេវាកម្មដ៏សម្បូរបែប  ដូចជា  ឥណទាន   ពាណិជ្ជកម្ម  ឥណទាន    ផ្ទាល់ខ្លួន   បញ្ញើ     មាន អត្រាការប្រាក់ខ្ពស់  ការទូទាត់  ឬ ធ្វើចរន្តសាច់ប្រាក់ផ្សេងៗតាម កម្មវិធី ទូរស័ព្ទ Bank! Bank! ព្រមទាំងភ្នាក់ងារ ធនាគារ  ដែលអាចដកប្រាក់   ដាក់ប្រាក់  ផ្ទេរ ប្រាក់  និងទទួល បានកម្ចីយ៉ាងងាយបំផុត។

គួរបញ្ជាក់ថា ត្រឹមរយៈពេលជាងមួយឆ្នាំតែប៉ុណ្ណោះ  ធនាគារ ជីប ម៉ុង  បានពង្រីក សាខាបាន ៨ទីតាំង  ភ្នាក់ងារ ធនាគារ  ៥០ ទីតាំង  និង គ្រោងពង្រីកភ្នាក់ងារឱ្យបាន ៥០០ ទីតាំងក្នុងឆ្នាំនេះ ព្រមទាំង  ម៉ាស៊ីន អេធីអឹម  ដាក់ និង ដកប្រាក់   ជាច្រើនកន្លែងផងដែរ៕

ដោយ គង់ សិរីរ័ត្ន