មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានជំរុញលើកទឹកចិត្តដល់គ្រប់ផ្នែកពាក់ពន្ធ័ទាំងអស់ ត្រូវយកចិត្តទុកដាក់ នៅក្នុងការកំណត់តួនាទីភារកិច្ចការងាររបស់ខ្លួនឲ្យបានច្បាស់លាស់

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី
MC៖ មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញលើកទឹកចិត្តដល់គ្រប់ផ្នែកពាក់ពន្ធ័ទាំងអស់ ត្រូវយកចិត្តទុកដាក់ នៅក្នុងការកំណត់តួនាទីភារកិច្ចការងាររបស់ខ្លួនឲ្យបានច្បាស់លាស់ ដើម្បីបង្កើនប្រសិទ្ធភាពការងារឲ្យដំណើរការបានល្អ។

ក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ អន្តរជាតិ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ បានជំរុញលើកទឹកចិត្តដល់គ្រប់ផ្នែកពាក់ពន្ធ័ទាំងអស់ នៅក្នុងគណៈកម្មាធិការនេះ ត្រូវធ្វើយ៉ាងណាយកចិត្តទុកដាក់ នៅក្នុងការកំណត់តួនាទីភារកិច្ចការងារច្បាស់លាស់ តាមផែនរបស់ខ្លួន តាមរយៈការរួមសហការសាមគ្គីភាពគ្នា ដើម្បីផលប្រយោជន៍រួម នៅក្នុងកិច្ចការងាររបស់ក្រសួងព័ត៌មាន។ ជាមួយនេះក៏ត្រូវបន្តធ្វើទំនាក់ ទំនាក់ ទំនងអោយ បានល្អ ជាមួយដៃគួរអភិវឌ្ឍន៍ បណ្តាប្រទេសនានាក្នុងតំបន់ និងពិភព លោក ទាំងទ្វេរភាគី និងពហុភាគី ជាពិសេសការកសាងធនធានមនុស្ស នៃវិស័យ ព័ត៌មាន និងសោតទស្សន៍ នៅកម្ពុជា បានកាន់តែរីកចម្រើន។
ឯកឧត្តម បានបន្តថា សម្រាប់គណៈកម្មាធិការនេះ ដែលមាននាយកដ្ឋាន ទំនាក់ទនងអន្តរជាតិ ជាសេនាធិការផ្ទាល់ គឺធ្វើកិច្ចការក្នុងការប្រមូលចងក្រង គ្រប់ព័ត៌មានទាំងអស់ ដែលមានការទាក់ទងទៅផ្នែកអន្តរជាតិ ទាំងទ្វេរភាគីនិងពហុភាគី ជាមួយបណ្តាប្រទេសនានាក្នុងពិភពលោក។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានទាំង៥ នៃក្រសួងព័ត៌មាន ដោយបានធ្វើការពិនិត្យពិភាក្សាគ្នាលើការងារនៃកិច្ចសហការជាអន្តរជាតិ មួយចំនួន ដែលក្រសួង បានធ្វើក្នុងពេលកន្លងមក ជាលក្ខណៈទ្វេរភាគី និងពហុភាគីទាំងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងពិភពលោក ព្រមជាមួយនឹងការពិនិត្យលើបញ្ហាមួយចំនួន នៃកិច្ចសហការ ទំនាក់ទំនងអន្តរជាតិ រួមជាមួយអនុស្សរណៈនៃកិច្ចសហការថ្មីជាមួយប្រទេសចំនួន ៣ ទៀត ឡាវ មីយ៉ាន់ម៉ា និងប្រទេសរុស្ស៊ី ៕