អាជ្ញាធរខេត្តបន្ទាយមានជ័យគ្រោងបង្កើតAppតំបន់ទេសចរណ៍ដើម្បីបំរើភ្ញៀវជាតិអន្តរជាតិ

វិទ្យុជាតិកម្ពុជា៖ ស្រីផល
MC៖អាជ្ញាធរខេត្តបន្ទាយមានជ័យ គ្រោងបង្កើតApp សម្រាប់បំរើដល់វិស័យទេសចរណ៍ដល់ភ្ញៀវជាតិក៍ដូចជាអន្តរជាតិ ដើម្បីឲ្យភ្ញៀវទេសចរទាំងអស់ ងាយស្រួលក្នុងការស្វែងយល់ពីកន្លែងកម្សាន្តនានានៅក្នុងខេត្ត។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែង ថា រដ្ឋបាលខេត្តបន្ទាយមានជ័យគ្រោងនិងបង្កើតApp សម្រាប់បំរើដល់វិស័យទេសចរណ៍ យ៉ាងយូរឲ្យហើយក្នុងរយះ២ខែខាងមុខនេះ ដើម្បីធ្វើយ៉ាងណាធានាបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរទាំងអស់ អាចស្វែងរកកន្លែងកម្សាន្តតាមរយះApp នេះ និងងាយស្វែងយល់ពីតំបន់ដែលមានសក្តានុពលសំខាន់ៗនៅក្នុងខេត្ត ព្រមទាំងអាចចំណេញទាំងពេលវេលានិងថវិការ។
ឯកឧត្តមអភិបាលខេត្តបានឲ្យដឹងទៀតថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរអាជ្ញាធរខេត្ត រួមទាំងមន្ទីរពាក់ព័ន្ធទាំងអស់ កំពុងតែពង្រឹងផ្នែកហេដ្ឋារចនាសម្ព័ន្ធ រួមមាន កន្លែងស្នាក់នៅ និងភោជនីយដ្ឋាននានា ដែលអោយភ្ញៀវទេសចរទាំងអស់ ទទួលបាននូវផាសុខភាពនិងសុវត្ថិភាពក្នុងការមកលេងកម្សាន្ត។
សម្លេង៖ ខ្ញុំកំពុងតែជំរុញមែនទែន ហើយខ្ញុំគិតថាប្រហែលជាយ៉ាងយូរមិនដល់ពីរខែទៀតទេយើងហ្នឹងចេញAppមួយ សម្រាប់ជូនទៅសាធារណៈជន ជាពិសេសភ្ញៀវទេសចរជាតិក៏ដូចជាភ្ញៀវ អន្តរជាតិឲ្យគាត់បានដឹងថាពេលបែបAppហ្នឹងចេញអាចទស្សនាបានសក្តានុពលទេសចរណ៍ក្នុងខេត្តបន្ទាយមានជ័យហ្នឹង មានអ្វី កន្លែងណាខ្លះអាចប្រើប្រាស់ពួកវា ដោយសារអីយើងកំពុងតែសហការជាមួយវិស័យឯកជន សូមបញ្ជាក់ថានៅក្នុងខេត្តបន្ទាយមានជ័យ យើងខ្ញុំមានក្រុមសហគ្រិនវ័យក្មេងមួយក្រុម គាត់សហការជាមួយគ្នាយើង ហើយយើងឱ្យគាត់ធ្វើការជាមួយមន្ទីរជំនាញ ជាពិសេសមន្ទីរទេសចរណ៍ និងមន្ទីរពាក់ព័ន្ធជាមួយរដ្ឋបាល ដើម្បីយើងប្រមូលទិន្នន័យ ហើយបង្កើតចេញជាApp តែម្ដង ដើម្បីងាយស្រួលឲ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិនិងអន្តរជាតិ គាត់អាចមានលទ្ធភាពងាយស្រួល ក្នុងការរុករកទៅទស្សនានៅក្នុងខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា នៅក្នុងខេត្តបន្ទាយមានជ័យ មានតំបន់ទេសចរបែបធម្មជាតិ និងប្រវត្តិសាស្រ្ត ដែលភ្ញៀវទេសចរជាតិនិងអន្តរជាតិ ចូលចិត្តទៅលេងកំសាន្តរួមមាន៖ អាងត្រពាំងថ្ម, ប្រាសាទបន្ទាយឆ្មារ, ប្រាសាទបន្ទាយទ័ព, អាងជើងគ្រួស និងប្រាសាទបារាយណ៍មេបុណ្យជាដើម៕