ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ កំពុងចាប់អារម្មណ៍ដាំនិងទទួលទានបន្លែធម្មជាតិមិនចាញ់អ្នកខេត្តនោះទេ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី
MC៖ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ កំពុងចាប់អារម្មណ៍ដាំនិងទទួលទានបន្លែធម្មជាតិមិនចាញ់អ្នកខេត្តនោះទេ ព្រោះជាបន្លែគ្មានសារធាតុគីមី មិនធ្វើឲ្យប៉ះពាល់ដល់សុខភាព។
លោក នី សំណាង ជាអ្នកដាំបន្លែធម្មជាតិនៅរាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា លោកអរគុណដល់ រាជរដ្ឋាភិបាលដែល ចាត់វិធានការកាត់បន្ថយការនាំចូលបន្លែពីក្រៅប្រទេស ហើយបានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋនាំគ្នាដាំបន្លែក្នុងស្រុក។ លោកបានបន្ដថា លោក ដាំបន្លែដែលមិនប្រើប្រាស់គីមី ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារផង និងសំរាប់ទទួលទានក្នុងគ្រួសារផង ពិសេសជួយលើកកម្ពស់ជីវភាពគ្រួសារ។
លោក បានបង្ហាញអារម្មណ៍ សប្បាយចិត្ត ពេលដែលឃើញអ្នកបរិភោគ ឥឡូវគាត់យល់ដឹងច្រើនទាក់ទងទៅនឹងគុណសម្បត្តិនៃការប្រើប្រាស់បន្លែសុវត្ថិភាព ហើយហ៊ានទិញតម្លៃខ្ពស់ជាងបន្លែដែលគ្មានប្រភពច្បាស់លាស់។
សំឡេង៖ «ប្រជាជនយើងភាគច្រើនណាស់ មែនទែនទៅខ្ញុំធ្លាប់ដាំដុះបន្លែ ហើយក៏ជាអ្នកលក់បន្លែដែរ ព្រោះពេលខ្លះខ្ញុំដាំហើយ ខ្ញុំយកបន្លែទៅលក់ដល់ទីផ្សារទៀត។ អ្នកប្រើប្រាស់របស់យើងភាគច្រើន គាត់មានមនសិការ តាមរយៈខ្ញុំលក់ទៅ ឲ្យតែគាត់ដឹងថា យើងលក់បន្លែហ្នឹង យើងដាំខ្លួនឯងផ្ទាល់ក្នុងស្រុក ទោះបីជាងនោះថ្លៃបន្តិច គុណភាពមិនសូវជាល្អដូចបន្លែដែលយើងប្រើប្រាស់គីមី តែគាត់ហ៊ានទិញយើង ហើយគាត់ឲ្យតម្លៃបន្លែក្នុងស្រុក»។
ចំណែកអ្នកស្រី កង ស៊ីណា រស់នៅរាជធានីភ្នំពេញបានឲ្យដឹងថា បច្ចុប្បន្ននេះប្រជាពលរដ្ឋយើងបានពេញនិយមបរិភោគបន្លែធម្មជាតិនេះមានការកើនឡើង ខណៈប្រជាពលរដ្ឋកាន់តែយល់អំពីគ្រោះថ្នាក់ចំពោះសុខភាព ដែលបណ្តាលមកពីការទទួលទានបន្លែដាំដុះដោយប្រើជីគីមីនិងថ្នាំពុលកសិកម្ម ច្រើនហួសកំរិត ឬបន្លែនាំចូលគ្មានប្រភពច្បាស់លាស់។
សំឡេង៖ «ខ្ញុំគិតថាការញ៉ាំបន្លែធម្មជាតិដែលជាផលិតផលក្នុងស្រុកយើង គឺវាល្អសម្រាប់សុខភាពរបស់យើង ព្រោះយើងអត់ដឹងទេទាក់ទងជាមួយនឹងបន្លែដែលនាំចូលពីប្រទេសខាងក្រៅ យើងអត់ដឹងពីប្រភពច្បាស់លាស់ថាគេប្រើសារធាតុគីមីយ៉ាងម៉េច? ហើយសូម្បីតែទាក់ទងជាមួយនឹងការដឹកជញ្ជូនមកគឺវាទាមទាររយៈពេលយូរ ចឹងយើងស្រមៃមើលបើសិនជាការប្រើប្រាស់រយៈពេលយូរ គឺយើងអាចប្រើនូវសារធាតុគីមីដើម្បីឲ្យបន្លែនឹងវាស្រស់បានយូរ។ អញ្ចឹងបើសិនជាគេប្រើប្រាស់នូវសារធាតុគីមីលើបន្លែ សួរថាយើងញ៉ាំទៅធ្វើឲ្យប៉ះពាល់សុខភាពយើងប៉ុណ្ណា? ទោះបីជាបន្លែធម្មជាតិវាមានតំលៃរាងខ្ពស់ជាងតម្លៃនាំចូលបន្តិចមែន ប៉ុន្តែបើសិនជាយើងញ៉ាំគឺសូម្បីតែរសជាតិយើងញ៉ាំទៅឆ្ងាញ់ ញ៉ាំហើយធ្វើឲ្យសុខភាពយើងល្អ»។
សូមបញ្ជាក់ថា ការបញ្ជាទិញបន្លែគ្មានជាតិគីមី ឬ បន្លែសរីរាង្គ ពីទីផ្សារនេះ វាជាកំលាំងចលករមួយ ដែលធ្វើឲ្យកសិករប្រឹងប្រែង បង្កើនបរិមាណ ដាំដុះបន្លែឲ្យបានច្រើនមុខទាំងបន្លែស្លឹកនិងបន្លែផ្លែ ដើម្បីបំពេញតម្រូវការ៕