មនុស្សជាង ១០.០០០នាក់ត្រូវបានឃុំខ្លួននៅអាម៉េរិកចាប់តាំងពីមានការតវ៉ាទ្រង់ទ្រាយធំ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ — ទីភ្នាក់ងារសារព័ត៌មាន AP បានជូនដំណឹងដោយផ្អែកលើការប៉ាន់ស្មានរបស់ខ្លួនថា មនុស្សជាង ១០.០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងសហរដ្ឋអាមេរិក ចាប់តាំងពីការចាប់ផ្តើមនៃការធ្វើបាតុកម្មទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទៅនឹងមរណភាពរបស់លោក George Floyd ដោយសារមន្រ្តីប៉ូលិសនៅទីក្រុង Minneapolis មក ។

ជាងមួយភាគបួននៃការចាប់ខ្លួនទាំងអស់ត្រូវបានចុះបញ្ជីនៅទីក្រុង Los Angeles (រដ្ឋកាលីហ្វ័រញ៉ា) បន្ទាប់មក គឺទីក្រុងញូវយ៉ក ទីក្រុងដាឡាស (រដ្ឋតិចសាស់) និងទីក្រុង Philadelphia (រដ្ឋ Pennsylvania) ។ ភាគច្រើននៃអ្នកដែលត្រូវបានឃុំខ្លួន គឺត្រូវបានចោទប្រកាន់ពីបទមជ្ឈិមតូចតាច ដូចជារំលោភបម្រាមគោចរជាដើម។ ទីភ្នាក់ងារនេះបានកត់សម្គាល់ថា មនុស្សរាប់រយនាក់នៃអ្នកដែលត្រូវបានឃុំខ្លួនត្រូវបានចោទប្រកាន់ពីបទលួច និងប្លន់។

ភាពវឹកវរនេះបានរីករាលដាលដល់រដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក ជុំវិញការស្លាប់របស់បុរសជនជាតិអាម៉េរិក កាត់អាហ្វ្រិកម្នាក់ឈ្មោះ Goerge Floyd ដែលបានស្លាប់បន្ទាប់ពីមន្រ្តីប៉ូលិសបាន​លុតជង្គង់សង្កត់កញ្ចឹងករហូតដល់ស្លាប់នៅពេលគាត់ត្រូវបានចាប់ខ្លួន។ នៅថ្ងៃទី២៦ ខែឧសភា មន្ត្រីទាំងអស់ដែលពាក់ព័ន្ធ​នឹងការចាប់ខ្លួន ដែលធ្វើឱ្យមនុស្សស្លាប់នេះត្រូវបានគេបណ្តេញចេញ។ នៅថ្ងៃទី២៩ ខែឧសភា មន្ត្រីប៉ូលិសម្នាក់ឈ្មោះ Derek Chauvin ត្រូវបានចាប់ខ្លួនពីបទមនុស្សឃាតកម្រិត៣ និងបទឃាតកម្មកម្រិត២ ។ ទោះជាយ៉ាងណា នៅថ្ងៃទី៣ ខែមិថុនា លោក Keith Ellison អគ្គព្រះរាជអាជ្ញានៃរដ្ឋមិនីសូតា បានលើកបទចោទប្រកាន់ប្រឆាំងនឹងលោក Cheuvin សម្រាប់បទមនុស្សឃាតកម្រិត២ វិញ។ មន្រ្តីប៉ូលិស ៣នាក់ផ្សេងទៀតដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុដ៏សាហាវនេះ ក៏ត្រូវបានចាប់ខ្លួនផងដែរ ហើយឥឡូវនេះកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទជួយ និងមនុស្សឃាតម្រិត២ ។

ដើម្បីទប់ទល់នឹងកុបកម្មនេះ ការអនុវត្តច្បាប់ក្នុងមូលដ្ឋានត្រូវបានគាំទ្រដោយឆ្មាំជាតិ។ រហូតមកដល់ពេលនេះ មានទីក្រុងចំនួន ៤០ រួមទាំងទីក្រុងញូវយ៉កផងដែរបានដាក់បម្រាមគោចរ៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)