លោក ពូទីន មិនមានគម្រោងជជែកពិភាក្សាជាមួយ លោក ត្រាំ និងមន្ត្រីរបស់អារ៉ាប៊ីសាអូឌីតទេ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ — កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយ​ប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន មិនមានគម្រោងជជែកសន្ទនាតាមទូរស័ព្ទជាមួយ​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងអាជ្ញាធររបស់អារ៉ាប៊ីសាអ៊ូឌីតនៅប៉ុន្មានថ្ងៃខាងមុខនេះទេ។

ឆ្លើយតបទៅនឹងសំណួរថា តើលោកប្រធានាធិបតីគ្រោងនឹងមានទំនាក់ទំនងណាមួយ ជាមួយប្រធានាធិបតីសហរដ្ឋ​អាមេរិក ឬថ្នាក់ដឹកនាំរបស់អារ៉ាប៊ីសាអូឌីតនៅមុនថ្ងៃនៃកិច្ចប្រជុំកំពូល OPEC+ ដែរឬទេ? លោក Peskov បានឆ្លើយថា «ទេ! លោកប្រធានាធិបតីមិនមានផែនការទាំងនេះសម្រាប់ថ្ងៃខាងមុខទេ»។

អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះបានកត់សម្គាល់ថា រដ្ឋមន្ត្រីក្រសួងថាមពលរុស្ស៊ី លោក Alexander Novak  «បាន​រក្សាទំនាក់ទំនងជាមួយ vis-à-vis របស់លោកពីប្រទេសដទៃទៀត។ លោកកំពុងពិភាក្សាគ្នាយ៉ាងជិតស្និទ្ធ។ជាទូទៅយើងសង្កេតមើលអំពីស្ថិរភាពនៅលើទីផ្សារធនធានថាមពលអន្តរជាតិ»។

លោក Peskov បានបដិសេធមិនធ្វើការទស្សន៍ទាយលទ្ធផលនៃកិច្ចប្រជុំ OPEC+ ដែលនឹងកើតឡើងនាពេល​ខាងមុខនេះទេ ដោយលោកបាននិយាយថា ក្រសួងថាមពលរបស់រុស្ស៊ីគួរតែត្រូវបានរាយការណ៍សង្ខេបអំពីបញ្ហានេះ។

Bloomberg បានរាយការណ៍ដោយដកស្រង់សម្តីរបស់គណៈប្រតិភូនៅក្នុងវិស័យប្រេងថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់ OPEC+ អាចត្រូវបានពន្យារពេលចាប់ពីថ្ងៃទី ៩-១០ ខែមិថុនា ដល់កាលបរិច្ឆេទក្រោយ​នៅពាក់កណ្តាលខែមិថុនា។នេះមិនមែនជាលើកទី១ ទេដែលបញ្ហានៃការពន្យារពេលកិច្ចប្រជុំត្រូវបានពិភាក្សា។

ប្រភពពីគណៈប្រតិភូមួយរូបបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថា កាលពីសប្តាហ៍មុន បណ្តារដ្ឋមន្រ្តីទាំងនោះ​គ្រោងនឹងរៀបចំវាឱ្យបានលឿនជាងការគ្រោងទុកនៅថ្ងៃទី ៤ ខែមិថុនា។ ការប្រជុំមុនពេលនេះនឹងអនុញ្ញាតឱ្យពួកគេរៀបចំ​កាលវិភាគនាំចេញឱ្យបានលឿនជាងមុនសម្រាប់ខែកក្កដា និងប្រកាសពី​តម្លៃផ្គត់ផ្គង់។ ទោះជាយ៉ាងណា បន្ទាប់ពីអង្គការ OPEC បានរាប់ចំនួនទិន្នន័យស្តីពីការកាត់បន្ថយទិន្នផលនៅក្នុងខែឧសភា វាបានបង្ហាញថា មិនមែនប្រទេសទាំងអស់បាន​អនុវត្តយ៉ាងពេញលេញជាមួយនឹងកិច្ចព្រមព្រៀងដែលប្រទេស OPEC+ គួរតែកាត់បន្ថយ ៩,៧លានបារ៉ែលក្នុងមួយថ្ងៃនៅ​ក្នុងខែឧសភាដល់ខែមិថុនានោះទេ។ ប្រភពនោះបាននិយាយថា រដ្ឋមន្រ្តីទាំងអស់បានទាក់ទងគ្នាជាប្រចាំរាល់ថ្ងៃ ហើយបាន​សន្និដ្ឋានថា ការបើកកិច្ចប្រជុំមួយនៅថ្ងៃទី៤ ខែមិថុនា និងសូម្បីតែនៅថ្ងៃទី១០ ខែមិថុនា គឺមិនអាចទៅរួចបានទេ រហូតដល់បញ្ហាវិន័យនេះត្រូវបានដោះស្រាយជាមុនសិន៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)