រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបូក ៣ អនុម័តសេចក្តីថ្លែងការណ៍រួម ស្តីពីការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ — កាលពីថ្ងៃទី៤ ខែមិថុនា រដ្ឋមន្រ្តីសេដ្ឋកិច្ចមកពីប្រទេសសមាជិកអាស៊ាន និងដៃគូទាំង ៣ រួមមានចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ (ដែលគេស្គាល់ថា អាស៊ានបូក ៣) បានអនុម័តទៅលើសេចក្តីថ្លែងការណ៍រួមមួយ ស្តីពីការកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចដោយសារជំងឺកូវីដ-១៩ ។

សេចក្តីថ្លែងការណ៍រួមនេះ គឺជាលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ពិសេស (AEM) បូកបី នៅថ្ងៃតែមួយ ដើម្បីអនុវត្តសេចក្តីណែនាំពីមេដឹកនាំអាស៊ានបូក ៣ ដែលបានធ្វើនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេសបូក ៣ ស្តីពីជំងឺកូវីដ-១៩ កាលពីថ្ងៃទី ១៤ ខែមេសា កន្លងទៅនេះ។

កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយលោក Tran Tuan Anh រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម នៅពេលដែលវៀតណាមធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២០ ។

សេចក្តីថ្លែងការណ៍រួមនេះបានដាក់ចេញនូវវិធានការ ដើម្បីរឹតត្បិតការអនុវត្តនូវការធ្វើដំណើរដែលមិនចាំបាច់ ដែលអាចប៉ះពាល់ដល់លំហូរនៃទំនិញ ឱសថ និងការផ្គត់ផ្គង់វេជ្ជសាស្ត្រចាំបាច់នៅក្នុងតំបន់។

របាំងមិនគិតពន្ធទៅលើលំហូរទំនិញ និងសេវាកម្មនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់នឹងត្រូវដកចេញបន្ថែមទៀត ប៉ុន្តែវិធានការរឹតបន្តឹងនឹងនៅតែមានដើម្បីដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ។

ជាការកត់សម្គាល់ បណ្តារដ្ឋមន្រ្តីបានលើកទឹកចិត្តនូវការកសាងគោលការណ៍ណែនាំ ដែលអនុញ្ញាតឱ្យមានការផ្លាស់​ប្តូររបស់អ្នកជំនួញឆ្លងកាត់ព្រំដែនដោយមិនធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស SARS-CoV-2 ។

ពួកគេក៏បានប្តេជ្ញាគាំទ្រ និងអនុញ្ញាតឱ្យអាជីវកម្ម ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យម (MSMEs) ដាក់ដើមទុនទៅលើផ្នែកបច្ចេកវិទ្យា និងពាណិជ្ជកម្មឌីជីថល ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការគយដើម្បីជួយសម្រួលដល់​ការទូទាត់ពន្ធគយនៅតាមច្រកព្រំដែន៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)