ប្រទេសសិង្ហបុរីប្រឈមមុខនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមធ្ងន់ធ្ងរ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ — ទីភ្នាក់ងារបរិស្ថានជាតិរបស់ប្រទេសសិង្ហបុរី (NEA) បានព្រមានថា ប្រទេសសិង្ហបុរីអាច​ប្រឈមនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមធ្ងន់ធ្ងរ លុះត្រាតែមានសកម្មភាពសហគមន៍ជាបន្ទាន់។

ទីភ្នាក់ងារនេះបានចេញសេចក្តីប្រកាសមួយដោយបាននិយាយថា ចំនួនករណីជំងឺគ្រុនឈាមនៅក្នុងឆ្នាំនេះ ត្រូវបាន​គេរំពឹងថា នឹងកើនឡើងលើសពី១៥.៩៩៨ករណី ដែលត្រូវបានរាយការណ៍កាលពីក្នុងឆ្នាំ ២០១៩ ហើយអាចនឹងកើនឡើង​លើសចំនួន ២២.១៧០ករណីកាលពីក្នុងឆ្នាំ ២០១៣ ។

យោងតាម NEA បានឱ្យដឹងថា ចំនួនករណីប្រចាំសប្តាហ៍ត្រូវបានគេរំពឹងថា នឹងមានការកើនឡើងខ្ពស់ជាង​ប្រវត្តិសាស្ត្រ ៨៩១ករណី។ ករណីចំនួន ៧៣៥ករណីកាលពីសប្តាហ៍មុន គឺជាតួលេខខ្ពស់បំផុតក្នុងរយៈពេលជាង ៥ឆ្នាំមក​នេះ។

គិតត្រឹមម៉ោង ៣រសៀល ថ្ងៃទី២ ខែមិថុនា មានអ្នកឆ្លងមេរោគគ្រុនឈាមនេះចំនួន ៩.២៦១នាក់ ដែលត្រូវបានរក​ឃើញ ហើយតួលេខនេះមានការកើនឡើងទ្វេដងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុង       រយៈពេល ២ខែចុងក្រោយនេះ មនុស្សចំនួន ៥នាក់បានស្លាប់ដោយសារជំងឺគ្រុនឈាម ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបដល់ ១២នាក់ហើយរហូតមកដល់​ពេលនេះ។

ក្រសួងសុខាភិបាលសិង្ហបុរីបាននិយាយថា មនុស្ស ១២នាក់ដែលបានស្លាប់នោះមានអាយុចន្លោះពី ៥៦ឆ្នាំ ទៅ ៨០ឆ្នាំ។ ក្នុងចំណោមពួកគេ មាន ១០នាក់បានធ្វើការ ឬស្នាក់នៅក្នុងចង្កោមគ្រុនឈាមដែលសកម្ម។

យោងតាម ​​NEA បានឱ្យដឹងថា កត្តាមួយដែលរួមចំណែកដល់ការកើនឡើងយ៉ាងខ្លាំងនៃការឆ្លងជំងឺគ្រុនឈាមនេះ គឺការផ្លាស់ប្តូរគម្រូឈាមពីជំងឺគ្រុនឈាមលេចធ្លោទៅជា DenV-3 ដែលលេចធ្លោចុងក្រោយប្រហែលជា ៣០ឆ្នាំកន្លងមក។ នេះមានន័យថា មានមនុស្សតិចតួចណាស់ដែលមានភាពស៊ាំប្រឆាំងនឹងវា។ ជំងឺគ្រុនឈាមមានចំនួនបួនប្រភេទ ហើយមនុស្សនឹងមានភាពស៊ាំប្រឆាំងនឹងប្រភេទដែលពួកគេបានឆ្លងពីមុនប៉ុណ្ណោះ។

ទន្ទឹមនឹងនេះដែរ អាកាសធាតុនឹងកាន់តែក្តៅឡើងចាប់ពីខែឧសភា ដល់ខែកញ្ញា ដែលនឹងអនុញ្ញាតឱ្យមូសខ្លាបង្កាត់​ពូជបានងាយស្រួលជាងធម្មតា៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)