សម្តេចប្រធានព្រឹទ្ធសភាប្រាប់ឱ្យឯកអគ្គរាជទូតកម្ពុជាត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ​​ល្អជាមួយប្រទេសនានាលើគ្រប់វិស័យ

វិទ្យុជាតិកម្ពុជា៖ លោកចេម​ហួត

MC៖សម្តេចប្រធានព្រឹទ្ធសភាប្រាប់ឱ្យឯកអគ្គរាជទូតកម្ពុជាត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ​​ល្អជាមួយបណ្តាប្រទេសនានាលើគ្រប់វិស័យឱ្យកាន់តែរឹងមាំដើម្បីផលប្រយោជន៍ជាតិ។

ក្នុងឱកាសអនុញាតឱ្យឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព​នៃព្រះរាជាណាចក្រកម្ពុជា​ទើបតែងតាំងថ្មីប្រចំាប្រទេសនានាចំនួន៩រូប ចូលជួបសម្តែងការគួរសម កាលពីរសៀលថ្ងៃទី០៤ ខែមិថុនា នេះ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាមានប្រសាសន៍ថា ឯកអគ្គរាជទូតទាំងអស់ត្រូវ​ក្តាប់ឱ្យជាប់នូវនយោបាយការបរទេសរបស់ព្រះរាជាណាចក្រកម្ពុជា ហើយចាត់តាំងអនុវត្តឱ្យបានដំណើរការទៅយ៉ាងរលូន និងមានប្រសិទ្ធភាព។ ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងខិតខំពង្រឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​​លើគ្រប់វិស័យរវាងប្រទេសកម្ពុជា និងប្រទេសសាមីដែលឯកឧត្តម លោកជំទាវធ្វើជាឯកអគ្គរាជទូត។ ក្តាប់ជាប់គ្រប់សភាពការណ៍ជាតិនិងអន្តរជាតិ ដែលពាក់ព័ន្ធនឹងប្រទេសជាតិកម្ពុជាសំដៅ និងបង្កលក្ខណងាយស្រួលសម្រាប់ក្នុងការផ្សព្វផ្សាយជូនប្រជាពលរដ្ឋដែលបាននឹងកំពុងរស់នៅ ធ្វើការងារនៅប្រទេសដែលឯកឧត្តម លោកជំទាវធ្វើជាឯកអគ្គរាជទូត ។

សម្តេចណែនាំបន្តថា ឯកអគ្គរាជទូតត្រូវយកចិត្តទុកដាក់ក្តាប់គ្រប់សភាពការណ៍ ដែលកើតមានឡើងនៅប្រទេសដែលឯកឧត្តម លោកជំទាវធ្វើជាឯកអគ្គរាជទូតហើយជូនព័ត៌មានទាំងអស់នោះមកដល់ប្រទេសជាតិយើងវិញ ដើម្បីជ្រាប់រឺក៏ដើម្បីយើងមានគោលការណ៍ និងវិធានការជាការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាប្រទេសទាំងអស់នោះ។ខិតខំប្រឹងប្រែងឱ្យមានការផ្លាស់ប្តូរ ទស្សនកិច្ច​​រវាងថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ មន្ត្រីជំនាញតាមស្ថាប័ននានា និងខិតខំឱ្យមានកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ វប្បធម៌ បច្ចេកទេស ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ក៏ដូចជាគុណប្រយោជន៍ប្រទេស​កម្ពុជា។

បច្ចុប្បន្ននេះ សភាពការណ៍ពិភពលោក និងអន្តរជាតិ បាននឹងកំពុងប្រែប្រួលយ៉ាងស្មុគស្មាញ និងប្រកបដោយគ្រោះថ្នាក់ ដូចនេះ សូមឯកឧត្តម លោកជំទាវ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើនយោបាយការទូតជាមួយបណ្តាប្រទេសទាំងអស់ទាំងក្រខណ្ឌទ្វេភាគី ទាំងពហុភាគី ព្រមទាំងជាមួយស្ថាប័នអន្តរជាតិនានា។

ក្នុងនាមឯកអគ្គរាជទូតទាំងអស់ ឯកឧត្តម កាន់ ផារិទ្ឌ បានសន្យាថា នឹងខិតខំអនុវត្តតាម​អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់​របស់សម្តេចប្រធានព្រឹទ្ធសភា និងខិតខំផ្សព្វផ្សាយនូវកិត្យានុភាពប្រទេសជាតិពង្រឹងពង្រីកទំនាក់ទំនង​សហប្រតិបត្តិការ​ជាមួយនឹងប្រទេសម្ចាស់ផ្ទះ និងឯកអគ្គរាជទូតរដ្ឋទូតប្រទេសផ្សេងៗទៀត និងខិតខំទាក់ទាញជំនួយនៃប្រទេសជាមិត្ត ​វិនិយោគិន ​អ្នកទេសចរ​ឱ្យមកកម្ពុជាកាន់តែច្រើន ដើម្បីលើកកម្ពស់សេដ្ឋកិច្ច សង្គមនៃព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែរីកចម្រើនឡើងថែមទៀត​៕