អគារទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជាសាងសង់ឡើងជាមួយនឹងក្បូរក្បាច់រចនាបថខ្មែរដ៏ល្អវិចិត្រ និងមានភាពល្អប្រណិត

វិទ្យុជាតិកម្ពុជា៖ លោកជៀង យ៉ារ៉េត

ភ្នំពេញ៖​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ អញ្ជើញទៅពិនិត្យអគារទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ស្ថិតនៅតាមបណ្តោយវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាប់នឹងអគារវិមានព្រឹទ្ធសភា។

អគារថ្មីនៃទីស្នាក់កណ្តាលគណបក្សប្រជា ជនកម្ពុជា ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទីតាំងអគារចាស់ ដែលមានទំហំប្រមាណ ១.៦ហិកតា និងមានកម្ពស់ចំនួន៥ជាន់ ទំហំសំណង់អគារជាង ៥០,០០០ម៉ែត្រក្រឡា ។ អគារទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល ត្រូវបានសាងសង់ឡើងជាមួយនឹងក្បូរក្បាច់រចនាបថខ្មែរដ៏ល្អវិចិត្រ និងមានភាពល្អប្រណិត។ ពីខាងក្រៅអគារទាំងមូលត្រូវបានរំលេចទៅដោយពណ៌ស ដែលជានិមិត្តរូបនៃភាពស្មោះសបរិសុទ្ធសម្រាប់ជាតិ និងប្រជាជន។

តាមសេចក្តីរាយការណ៍ជូនសម្តេចតេជោបានឲ្យដឹងថា ការកសាងអគារនេះត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ១៩៩៨  ក្រោមអធិបតីភាពរបស់សម្ដេចវិបុលសេនាភក្តីសាយឈុំ ក្នុងនោះអគារមានផ្ទៃក្រឡា១៦៥៩២ម៉ែត្រក្រឡា, អគារមានបណ្ដោយ១៥០ម៉ែត្រ, ទទឹង៧៤ម៉ែត្រ, កម្ពស់អគារគិតអំពីទីលានមហាជនខាងមុខរហូតទៅដល់កំពូលពេជ្រ មានកម្ពស់៤៨ម៉ែត្រ។ ជាន់ផ្ទាល់ដី មានចំណតរថយន្តជាង៥០០ ចំណតនិងទីធ្លាមុខអគារដែលហៅថា ទីធ្លាសម្រាប់មហាជនគឺអាចចតរថយន្តបាន៣០០ គ្រឿង និងមានទីធ្លាសម្រាប់ប្រជុំជាលក្ខណៈមហាជនឬក៏មិទ្ទិញបានចំនួនប្រមាណជា១ម៉ឺននាក់ និងមានច្រកចូលធំៗ ៣ ដែលនៅក្នុងនោះ ច្រកចំកណ្ដាលគឺជាច្រកខ្លោងទ្វារជ័យ សម្រាប់បើកក្នុងកិច្ចពិធីជាផ្លូវការធំៗនិងក្រៅពីនោះគឺច្រកខាងឆ្វេង ខាងស្ដាំ ជាច្រកចេញចូលតាមប្រក្រតីភាពធម្មតា ។ ក្នុងនោះប្លង់បាតរបស់អគារមានក្រឡាផ្ទៃសរុបទាំងអស់ ៤៥.០០០ ម៉ែត្រក្រឡា មានបន្ទប់យោង ចំនួន 12 នៅក្នុងនោះមានបន្ទប់អគ្គីភ័យចំនួន ២ ផងដែរ, ហើយមានជណ្ដើរយន្តចំនួន២០ មានបន្ទប់ទឹកសរុបទាំងអស់ដែលបន្ទប់ទឹកសាធារណៈចំនួន១០កន្លែង ក្នុងមួយជាន់មាន២ កន្លែង ខាងឆ្វេងនិងខាងស្ដាំដែលនៅក្នុងនោះដែរ ការគណនាបង្គន់មានចំនួន១៥៨ បង្គន់ ក្នុងមួយអគារទាំងមូលនេះ ។

អគារនេះ មានកម្ពស់៥ ជាន់, ជាន់ផ្ទាល់ដីមានបន្ទប់សម្រាប់សន្តិសុខ មានបន្ទប់ម៉ាស៊ីនភ្លើង មានចំណតរថយន្តប្រមាណ៥០០ចំណត, មានបន្ទប់ម៉ូទ័របូមទឹក និងបន្ទប់សម្រាប់សិល្បករ ក្រៅពីនោះក៏មានជណ្ដើរយោងចំនួន១០ផងដែរ។

នៅជាន់ទី១ មានសាលបដិសណ្ឋារកិច្ច ដែលមានក្រឡាផ្ទៃប្រមាណ 3 ពាន់ម៉ែត្រក្រឡា ដែលអាចដាក់មនុស្សអង្គុយបានប្រមាណ៤០០០ នាក់, មានអាហារដ្ឋាននៅផ្នែកខាងត្បូងអាគារ ដែលអាចដាក់មនុស្សបានចំនួន១២០ នាក់ក្នុងមួយពេល, ហើយមានបន្ទប់ទឹកប្រុសស្រីនៅសងខាងអគារ ។នៅក្នុងនោះដែរ ក៏មានបន្ទប់ជនពិការម្ខាង២ផងដែរ និងមានបន្ទប់យោងចំនួន១០ និងបន្ទប់ជណ្ដើរយោងសម្រាប់វីអាយភីចំនួន២ផងដែរ ហើយក៏មានជណ្ដើរទាញ ម្ខាងពីរ តាំងពីជាន់ទី ១រហូតដល់ជាន់ទី៥ នេះ។

សម្រាប់ជាន់ទី៥ គឺមានសាលប្រជុំធំ ដែលមានចំនួនកៅអីអាចដាក់បានប្រមាណ៣.៤៧៤នាក់, យើងមានទីសម្រាកនៅសងខាង ដែលអាចដាក់មនុស្សបាន៣៤៧០ នាក់ផងដែរ ។

សូមបញ្ជាក់ថា ការឌីហ្សាញអគារជារួម មានរចនាបថថ្មីហៅថា រចនាបថរួមសម័យ ដោយសារមានរចនាបទ ៣ យ៉ាង គឺទីមួយរចនាបថប្រាសាទអង្គរវត្ត ទី២ រចនាបថបន្ទាយស្រី និងទី៣  រចនាបថកណ្ដាល ហើយរួមបញ្ចូលគ្នាហៅថា រចនាបថរួមសម័យ ៕