ផ្តល់បច្ចេកទេសទៅដល់ប្រជាពលរដ្ឋមុខរបរចិញ្ចឹមសត្វគោប្រែក្លាយពីការចិញ្ចឹមលក្ខណៈគ្រួសារមកការចិញ្ចឹមជាលក្ខណៈពាណិជ្ជកម្មវិញ

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា ០៤.៦.២០២០៖

មន្ទីរកសិកម្មខេត្តតាកែវ បានផ្តល់បច្ចេកទេសទៅដល់ប្រជាពលរដ្ឋមុខរបរចិញ្ចឹមសត្វគោប្រែក្លាយពីការចិញ្ចឹមលក្ខណៈគ្រួសារមកការចិញ្ចឹមជាលក្ខណៈពាណិជ្ជកម្មវិញ ដើម្បីងាយស្រួលរកទីផ្សារ និងទទួលបានតម្លៃខ្ពស់នឹងលើកស្ទួយដល់ជីវភាពគ្រួសារ។អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម…
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកែវ បានប្រាប់វិទ្យុជាតិកម្ពុជា ឲ្យដឹងថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តតាកែវបានបង្រៀន ពីបច្ចេកទេសឧបករណ៍ និងផ្តល់សម្ភារបរិក្ខារបសុពេទ្យ ថ្នាំការពារ ថ្នាំព្យាបាល និងថ្នាំសម្លាប់មេរោគដើម្បីដោះស្រាយចំពោះហានិភ័យដែលបណ្តាលមកពីការផ្ទុះជំងឺឆ្លងរាលដាលសត្វធ្ងន់ធ្ងរនិងតាមដានសកម្មភាពជំងឺសត្វនៅរដូវរាំងស្ងួត ហើយធ្វើការអន្តរាគមន៍ជាបន្ទាន់ ក្នុងករណីរកឃើញជំងឺឆ្លងសត្វដែលកើតឡើងនៅមូលដ្ឋាន។
លោកបានបន្តថា មន្ទីរកសិកម្មខេត្ត ក៏ដូចជាការិយាល័យបសុព្យាបាលសត្វ តែងតែជំរុញឲ្យប្រជាកសិករចិញ្ចឹមសត្វ ពិសេសការចិញ្ចឹមគោជាលក្ខណៈគ្រួសារឲ្យបង្កើនការចិញ្ចឹមសត្វបន្ថែមទៀត ដើម្បីងាយស្រួលរកទីផ្សារ និងទទួលបានតម្លៃខ្ពស់ ខណៈការនាំចូលត្រូវបានកាត់បន្ថយ ស្របពេល កំពុងមានការរីករាលដាននៃជំងឺកូវីដ-១៩ នេះ។
«មន្ទីរកសិកម្ម បានជំរុញផ្សព្វផ្សាយដល់ប្រជាកសិករផ្លាស់ប្ដូរពូជគោនៅខេត្តតាកែវនេះផ្លាស់ប្តូរពូជគោទៅតាមរយៈការបង្កាត់ផ្ទាល់ ពូជល្អកូនកាត់។ទន្ទឹមនឹងនោះបង្កាត់សត្វសិប្បនិម្មិតផងដែរ។ បច្ចុប្បន្ននេះពូជគោដែលតូចៗ នៅក្នុងខេត្តតាកែវយើងបានផ្លាស់ប្ដូរសឹងតែ ៨០ភាគរយ ។ ចឹងយើងជំរុញបន្ថែមទៀតពូជគោដែលមានទម្ងន់ ជាង១០០គីឡូ ឲ្យក្លាយទៅជាទម្ងន់លើសពី ៥០០ គីឡូទៅ ១ តោនតែម្ដង។ នេះជាកម្មវិធីមួយបានលើកទឹកចិត្តទៅដល់អ្នកចិញ្ចឹម ពូជគោល្អនេះខាងមន្ទីរផ្ដល់ពូជស្មៅ និងពូជស្មៅឃីនក្រាស់ ទៅដល់ពួកគាត់នឹងធ្វើការដាំដុះដើម្បី ផ្ដល់ជាចំណីអាហារ។ហើយទន្ទឹមនឹងនោះដើម្បីកាត់បន្ថយអត្រាសត្វស្លាប់ផងដែរ។ ក៏យើងបានផ្ដល់ជាអន្តរាគមន៍ចាក់វ៉ាក់សាំង ប៉ុន្តែអន្តរាគមន៍ថ្នាក់ខេត្តនេះមិនបានគ្រប់ជ្រុងជ្រោយទាំងអស់ទេ ដោយសារវិសាលភាពធំណាស់មានទៅដល់ជាង១ពាន់ភូមិចឹងយើងមានភ្នាក់ងារតាមស្រុកនិងចែកចាយបាក់សាំងទៅដល់ពេទ្យសត្វភូមិ ដើម្បីធ្វើការចាក់សាំងទៅដល់មូលដ្ឋានពួកគាត់តែម្តង»។
សូមបញ្ជាក់ថា អគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទរាជធានីខេត្ត ត្រូវសហការឲ្យបានល្អ ជាមួយអជ្ញាធរថ្នាក់ក្រោមជាតិ អង្គភាពពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍នានា ដើម្បីអនុវត្តន៍ឲ្យមានប្រសិទ្ធភាពខ្ពស់។នៅទូទាំងខេត្តតាកែវនេះមានចំនួនសត្វគោ ជាង៣ពាន់ ក្បាល និងមានកសិដ្ឋានចិញ្ចឹម គោចំនួន៦កន្លែងផងដែរ៕