កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM)ដំណើរការធម្មតា ប្រសិនបើពិភពលោកគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ១៩បាន

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ៖

មន្ដ្រីជាន់ខ្ពស់ក្រសួងការបរទេស អះអាងថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះនៅតែដំណើរការធម្មតា ប្រសិនបើពិភពលោកគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ១៩បាន ខណៈកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣នេះ គ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០។
ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM)លើកទី១៣ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា
កម្ពុជាបានរៀបចំនូវកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ (Video Conference) ជាមួយបណ្ដាប្រទេសសម្របសម្រួល ដែលមានសឹង្ហបុរីតំណាងក្រុមប្រទេសអាស៊ាន រុស្ស៊ីតំណាងក្រុមប្រទេសអាស៊ីភាគឦសាននិងអាស៊ីភាគខាងត្បូង សហភាពអឺរ៉ុប និងប្រទេសក្រូអាស៊ីតំណាងក្រុមប្រទេសអឺរ៉ុប ដើម្បីធ្វើយ៉ាងណាឲ្យកិច្ចប្រជុំនេះដំណើរការទៅមុខ។
ឯកឧត្តមបន្ដថា នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ (Video Conference)នេះ តំណាងរបស់ប្រទេសនីមួយៗក៏បានពិភាក្សាទៅបញ្ហាជំងឺកូវីដ១៩ ដើម្បីរកវិធីសាស្ដ្រប្រយុទ្ធប្រឆាំងនឹងបញ្ហាជំងឺកូវីដ១៩ផងដែរ។ ឯកឧត្តម លុយ ដាវីត បញ្ជាក់បន្ថែមថា មិនមែនចំពោះតែកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ប៉ុណ្ណោះទេ កិច្ចប្រជុំនៃព្រឹត្តិការណ៍អមដ៏ទៃទៀតនៅតែដំណើរការជាធម្មតា ប្រសិនបើពិភពលោកអាច គ្រប់គ្រងស្ថានការណ៍អំពីបញ្ហានៃជំងឺកូវីដ១៩នេះបាន។
« ជាលទ្ធផលនៃកិច្ចប្រជុំគឺយើងបាននិយាយគ្នាដែរ ដោយសារកម្ពុជាត្រូវធ្វើកិច្ចប្រជុំកំពូលនៅខែ១១ហ្នឹង ប្រទេសភាគច្រើនគឺគេចង់ដឹងថាតើកម្ពុជាយើងទៅមុខទៀតនៅរក្សាធ្វើដដែល ឬមួយក៏មានការផ្លាស់ប្ដូអី ហើយយើងក៏បានជម្រាបជូនអង្គប្រជុំដែរថា ការរៀបចំរបស់យើង ដើម្បីឈានទៅការធ្វើកិច្ចប្រជុំកំពូលហ្នឹងគឺ ការរៀបចំនៅដដែលទេ ប៉ុន្ដែវាអាស្រ័យទៅលើកូវីដ បញ្ហាកូវីដប្រសិនជាពិភពលោក គ្រប់គ្រងសភាពការណ៍បានគឺអាហ្នឹងវា កិច្ចប្រជុំមួយណាក៏ត្រូវផុសផូនដែរ ណាមិនមែនតែកិច្ចប្រជុំASEMមួយទេ គឺកិច្ចប្រជុំទាំងមូលតែម្ដងគឺប្រទេសផ្សេងគឺផុសផូនដូចគ្នាហ្នឹង»។
សូមបញ្ជាក់ថា កម្ពុជាបានក្លាយជាសមាជិក នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ២០០៤ និងត្រូវបានផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣នេះ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមប្រធានបទ៖ «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា» ដោយនឹងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំកំពូល នៃប្រទេសនៅតំបន់អឺរ៉ុប និងអាស៊ី លេខាធិការដ្ឋានអាស៊ាន និងសហភាពអឺរ៉ុបចំនួន ៥៣ ប្រទេសនិងដៃគូ៕