រដ្ឋបាលខេត្តកំពត គាំទ្ររាល់គម្រោងអភិវឌ្ឍន៍ដើម្បីបម្រើប្រយោជន៍សាធារណៈ

AKP កំពត ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០

អភិបាលខេត្តកំពត បានជំរុញដល់អាជ្ញាធរ និងមន្ត្រីនៃមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ត្រូវសហការគាំទ្ររាល់គម្រោងទាំងឡាយណា ដែលបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ឬប្រយោជន៍សាធារណៈ ជាពិសេសគម្រោងការសាងសង់ផ្លូវថ្នល់ជាដើម។

នេះជាការលើកឡើងរបស់ឯកឧត្តម  ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ ពិភាក្សាលើគម្រោងសាងសង់ផ្លូវបេតុង ស្របតាមបណ្ដោយ មាត់ឆ្នេរសមុទ្រ ប្រវែងជាងបីពាន់ម៉ែត្រ ក្នុងឃុំព្រែកត្នោត ស្រុកទឹកឈូ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានលើកឡើងទៀតថា រាល់ការអភិវឌ្ឍតែងតែមាន ផលប៉ះពាល់ បើមិនប៉ះពាល់ដល់ផ្នែករដ្ឋ គឺប៉ះពាល់ផ្នែកឯកជន ឬប្រជាពលរដ្ឋជាមិនខាន យ៉ាងណាមិញ ការអភិវឌ្ឍសាងសង់ផ្លូវសាធារណៈ ដែលរាជរដ្ឋាភិបាលបានកំណត់ជាវិស័យ អាទិភាពនោះ ក៏ដូចគ្នាដែរ គឺទាមទារឱ្យមានការសហការគ្នាគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ទន្ទឹមនឹងការគាំទ្រ ឯកឧត្តមអភិបាលខេត្តក៏បានស្នើដល់សប្បុរសជន ឬម្ចាស់ជំនួយ ត្រូវសហការជាមួយ មន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធឱ្យបានល្អ ពិសេសត្រូវមាន គំរូប្លង់មេ មានការប្រកាសផ្សព្វផ្សាយជូនដំណឹង ដល់ប្រជាពលរដ្ឋ និងមជ្ឈដ្ឋាននានាឱ្យ បានដឹងទូលំទូលាយ ដើម្បីចៀសវាងបាតុភាពអវិជ្ជមានណាមួយកើតឡើងនៅពេលក្រោយ។

គួររម្លឹកដែរថា គម្រោងផ្លូវបេតុងមួយខ្សែនេះ មានប្រវែងជាង៣,៥០០ម៉ែត្រ ទទឹង ១២ម៉ែត្រ ប្រើប្រាស់ថវិការបស់សប្បុរសជន។ ក្រោយពេលបានសាងសង់ប្រវែងជាង មួយពាន់ម៉ែត្រ ត្រូវបានផ្អាកទៅវិញ ដោយមានមតិរិះគន់ និងការមិនយល់ស្របពីប្រជា សហគមន៍។ ដោយឡែកចំពោះលទ្ធផលនៃកិច្ចប្រជុំ រដ្ឋបាលខេត្តបានជំរុញ នូវគោល ការណ៍សំខាន់ៗរួមមាន៖ ទី១. ចុះសិក្សាកំណត់ទីតាំងឱ្យច្បាស់លាស់,  ទី២. មន្ត្រីសូរិយោដី ត្រូវគូសគំរូប្លង់មេ, ទី៣.អាជ្ញាធរស្រុក និងឃុំត្រូវចុះសម្របសម្រួល និងស្រង់ព័ត៌មានទាក់ ទង់នឹងគម្រោងសាងសង់ផ្លូវ,  ទី៤.មិនអាចសាងសង់ទេបើគ្មានគំរូប្លង់មេ និងទី៥. មន្ត្រីជំនាញ ពាក់ព័ន្ធត្រូវសហការគ្នាឱ្យបានល្អ ដើម្បីឱ្យគម្រោងមួយនេះអាចដំណើរការបានដោយរលូន និងឆាប់រហ័ស៕

ដោយ ប្រាក់ លាង