អាងទឹកស្អុយស្ទឹងមានជ័យចាប់ផ្តើមក្លាយជាប្រឡាយបេតុង ស្រស់ស្អាត គ្មានក្លិនស្អុយ និងជាច្រករំដោះទឹកគ្រប់តំបន់

វិទ្យុជាតិកម្ពុជា៖ ដោយ​ លោក​ ហុក​ សុខរិន​

សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា អាងទឹកស្អុយស្ទឹងមានជ័យ បានក្លាយជាប្រឡាយបេតុង ស្រស់ស្អាត គ្មានក្លិនស្អុយ និងជាច្រករំដោះទឹកគ្រប់តំបន់។

តាមហេ្វសប៊ុក របស់សម្តេចតេជោបានឲ្យដឹងថា ក្រោយពីការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា តាមរយៈសាលារាជធានីភ្នំពេញនៅពេលនេះ ប្រឡាយទឹកស្ទឹងមានជ័យបានប្រែក្លាយប្រឡាយស្ទឹងមានជ័យ ពីអាងស្ដុកទឹកស្អុយ ទៅជាប្រឡាយបេតុង យ៉ាងស្អាតគ្មានក្លិនស្អុយ និងអាចរំដោះទឹកចេញពីគ្រប់តំបន់ ជាពិសេសនឹងដោះស្រាយបញ្ហាទឹកជន់លិច នៅខណ្ឌមានជ័យ និងខណ្ឌសែនសុខ ខណៈដែលប្រជាពលរដ្ឋដែលរស់តាមមាត់ច្រាំងប្រឡាយស្ទឹងមានជ័យទទួលបានដី សម្រាប់សាងសង់ផ្ទះ និងជាកម្មសិទ្ធិស្របច្បាប់ នៅហ្នឹងកន្លែងតែម្តងតាមគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។

សម្តេចតេជោបានអំពាវនាវដល់ប្អូនប្រជាពលរដ្ឋចូលរួមប្រើប្រាស់សមិត្ថផលដែលបានកសាងនេះអោយបានគង់វង្ស  នឹងរួមគ្នាធ្វើអនាម័យក្នុងការទុកដាក់សម្រាមអោយបានត្រឹមត្រូវ ដើម្បីរក្សាភាពស្អាតនៅតាមទីកន្លែរស់នៅ។

សូមបញ្ជាក់ថា តាមផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ គ្រោងស្ថាបនាប្រឡាយស្ទឹងមានជ័យឲ្យរួច រាល់នាពេលឆាប់ៗនេះ ដើម្បីធានាការរំដោះទឹកស្អុយឲ្យបានលឿនជៀសការជន់លិចនៅពេលមានភ្លៀង ធ្លាក់ខ្លំាង៕