សេចក្តីព្រាងច្បាប់ប្រឆាំងការសាយភាយអាវុធមហាប្រល័យ និងការសម្អាតប្រាក់ឆ្លងរដ្ឋសភារួចរាល់

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៤ ០៦ ២០២០
 រដ្ឋសភា បានអនុម័តជាឯកច្ឆន្ទនូវសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ និងសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលស្នើឡើងដោយរាជរដ្ឋាភិបាលកម្ពុជា។

ថ្លែងទៅកាន់អង្គរដ្ឋសភា ដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងសម័យប្រជុំពេញអង្គនៅព្រឹកថ្ងៃទី៤ ខែមិថុនានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក បានតម្រូវឲ្យរាជរដ្ឋាភិបាលកម្ពុជាធ្វើវិសោធនកម្មច្បាប់ទាំងពីរនេះ ខណៈឆ្នាំ២០១៩កន្លងទៅនេះ កម្ពុជាត្រូវបានដាក់ក្នុងបញ្ជីប្រផេះម្តងទៀត បន្ទាប់ពីឆ្នាំ២០១១   ដោយសារខ្វះខាតមូលដ្ឋានគតិយុត្តបន្ថែមទៀតជាច្រើន សម្រាប់ការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

សម្តេចក្រឡាហោម ស ខេង  មានប្រសាសន៍ថា កម្ពុជា បានចូលជាសមាជិកនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកស្តីពីការ សម្អាតប្រាក់ នាថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០០៤ ដែលតម្រូវឲ្យកម្ពុជាត្រូវអនុវត្តតាមស្តង់ដាអន្តរជាតិស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងការរីកសាយភាយអាវុធមហាប្រល័យ។ ការចូលជាសមាជិកនេះ កម្ពុជា ត្រូវមានក្របខ័ណ្ឌគតិយុត្ត និងយន្តការអនុវត្តសម្រាប់ប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងការរីកសាយភាយអាវុធមហាប្រល័យ។

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា យល់ថា ច្បាប់ទាំងនេះ ស្របតាមស្តង់ដារ និង និងការវិវត្តថ្មីៗពាក់ព័ន្ធនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងការរីកសាយភាយអាវុធមហាប្រល័យ។

សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ត្រូវបានកំណត់ពីវិធានការដោយប្រកាន់យកគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងមុខរបរហិរញ្ញវត្ថុមិនមែនធនាគារនិងវិជ្ជាជីវៈ ដើម្បីទប់ស្កាត់ការសម្អាតប្រាក់និង ហិរញ្ញប្បទានភេរវកម្ម តមរយៈអនុវត្តដោយបុគ្គលរាយការណ៍នៅពេលផ្ដើម និងនៅពេលកំពុងមានទំនាក់ទំនងអាជីវកម្មជាមួយអតិថិជនរបស់ខ្លួន។ កាតព្វកិច្ចទាំងនេះមានដូចជាការវាយតម្លៃហានិភ័យការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ការអនុវត្តវិធីសាស្រ្តផ្អែកលើហានិភ័យក្នុងការគ្រប់គ្រង និងកាត់បន្ថយហានិភ័យ ការយកចិត្តទុកដាក់ស្គាល់អតិថិជនតាមកម្រិតហានិភ័យ ការបង្កើតប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ការរក្សាទុកកំណត់ត្រា ការស្វែងរកនិងរាយការណ៍ប្រតិបត្តិការសាច់ប្រាក់និងសង្ស័យ និងការការពារបុគ្គលរាយការណ៍នៅពេលពួកគេអនុវត្តមុខងាររបស់ខ្លួនដោយសុចរិត ជាដើម៕