អាងត្រពាំងថ្មក្លាយជារមណីយដ្ឋានទេសចរណ៍ដ៏ល្បីប្រចាំខេត្តបន្ទាយមានជ័យ

វិទ្យុជាតិកម្ពុជា៖ យី វិច្ឆិកា ០៤ ០៦ ២០២០៖

រដ្ឋបាលខេត្តបន្ទាយមានជ័យបានអះអាងថាអាងត្រពាំងថ្មក្លាយជាតំបន់រមណីយដ្ឋានទេសចរណ៍ ប្រកបដោយភាពទាក់ទាញប្រចាំខេត្តបន្ទាយមានជ័យ ដែលមានភ្ញៀវជាតិនិងអន្តរជាតិ ទៅលេងកម្សាន្ត ងូតទឹកនិងគយគន់ជីវៈចំរុះផ្សេងៗ ជាហូរហែរទំាងថ្ងៃឈប់សម្រាក បុណ្យជាតិ ឬថ្ងៃធម្មតា។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបាន អះអាងថា បច្ចុប្បន្ននេះ អាជ្ញាធរបានអភិវឌ្ឍន៍អាងទឹកត្រពាំងថ្មដែលជា ស្នាដៃបន្សល់ទុកពីសម័យប៉ុល ពតអោយប្រែក្លាយទៅជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលអាចទៅលេងកម្សាន្តងូតទឹកនិងជិះទូកមើលធនធានធម្មជាតិជាច្រើន ជាពិសេសសត្វកម្រដែលជិតផុតពូជ ។
ថ្លែងក្នុងសន្និសទីសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមអភិបាលខេត្តបានឲ្យដឹងថា ភ្ញៀវទេសចរជាច្រើន ដែលបានទៅលេងកម្សាន្តនៅរមណីយដ្ឋានអាំងត្រពាំងថ្មភាគច្រើន ជិះទូកកម្សាន្តមើលធនធានធម្មជាតិនិងសត្វដែលកម្រដូចជា សត្វក្រៀល ត្រដក់ធំ ត្រដក់តូច និងត្រយងចង្កំកស ជាដើម ។ ឯកឧត្តមបន្តថា រដ្ឋបាលខេត្តកំពុងជំរុញការអភិវឌ្ឍនិងផ្សព្វផ្សាយពីសក្តានុពលបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យទៅលេងកម្សាន្តនៅតំបន់នោះកាន់តែច្រើន ។
«ឥលូវនេះអាងត្រពាំងថ្មក្លាយទៅជារមណីយដ្ឋានមួយ ដ៏ល្បីមួយដែរដែលសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តនិងក្រៅខេត្ត ពេលបុណ្យទានផ្សេងៗនាំគ្នាទៅលេងកម្សាន្តនៅទីនោះ ព្រោះអីអាងត្រពាំងថ្មក្រៅពីទឹក គឺយើងមានប្រភពធនធាន មានត្រី ហើយមានចំណែកមួយទៀតជាប់និងព្រៃ ហើយមានសត្វព្រៃដ៏កម្រជាពិសេសគឺសត្វស្លាបមួយដ៏កម្រជាងគេ ដែលរៀងរាល់ឆ្នាំគឺ មកពីវៀតណាមផង និងប្រទេសផ្សេងផងគឺសត្វក្រៀល ដែលជាសត្វកម្រមែនទែនរដូវនិងគឺគាត់ទៅ។ គេមានសហគមន៍អភិរក្សសត្វយើងទៅទស្សនានិងពេលរសៀលគេមានជិះទូកទៅកន្លែង ងងឹតមើលសត្វក្រៀលនិងពពួកសត្វផ្សេងៗផងដែរ ។ ដែលរដ្ឋបាលខេត្តដែលមានមន្ទីរទេសចរណ៍កំពុងតែជំរុញអភិវឌ្ឍន៍ការងារនិងឲ្យកាន់តែល្អថែមទៀត »។
សូមបញ្ជាក់ថា ក្នុងខេត្តបន្ទាយមានជ័យមានរមណីយដ្ឋានប្រវត្តិសាស្រ្ត២កន្លែង រមណីយដ្ឋានធម្មជាតិ៥កន្លែង និងរមណីយដ្ឋានកែឆ្នៃ៤កន្លែង ក្នុងនោះរមណីយដ្ឋានអាងទឹកត្រពាំងថ្ម ស្ថិតនៅទិសឦសាននៃខេត្តបន្ទាយមានជ័យ គ្របដណ្តប់ដោយភូមិចំនួន៣ គឺភូមិត្រពាំងថ្មខាងជើង ភូមិសំបូរ និងភូមិពង្រ ក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ជាប់ខេត្តសៀមរាប និងឧត្តរមានជ័យ ៕