ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកមិនអាចនិយាយអំពីការរំលោភសិទ្ធិមនុស្សទៀតទេ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ — អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharovaបាននិយាយតាម​រយៈបណ្តាញ សង្គម Facebook ថា ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកមិនអាចបង្រៀននរណាម្នាក់អំពីការឃ្លាំមើល​សិទ្ធិមនុស្សនៅពេលមានអំពើឃោរឃៅ ដែលបានប្រព្រឹត្តដោយប៉ូលិសប្រឆាំងនឹងអ្នកកាសែតនៅក្នុងការតវ៉ាដែលធ្វើឱ្យមានការភ្ញាក់ផ្អើលនៅសហរដ្ឋអាមេរិកនោះទេ។

​លោកស្រីបានគូសបញ្ជាក់ថា លោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកមានការប្រជុំមួយ​ជាមួយអ្នករស់រានមានជីវិតនៅទីលាន Tiananmen ដែលធ្វើឡើងកាលពីថ្ងៃពុធ។

លោកស្រី Zakharova បានសួរថា «ចេញពីបង្អួចនៃក្រសួងការបរទេសនៅទីក្រុងវ៉ាស៊ីនតោន អ្នកអាចមើលឃើញការ​សម្លាប់រង្គាលដែលបានលាតត្រដាងឡើងរវាងមន្រ្តីប៉ូលិស និងក្រុមអ្នកតវ៉ា តើមានអ្វីដែលត្រូវនិយាយអំពីការរស់រានមាន​ជីវិតនៅទីលាននោះ ទោះជាយ៉ាងណា ការលាក់ពុតអន្តរជាតិនៅតែជារឿងមួយធំមួយ។ ខ្ញុំឆ្ងល់ថា តើគាត់ [Pompeo] នឹងនិយាយប្រាប់អំពីអ្វីទីកាន់ភ្ញៀវរបស់គាត់អំពីសមិទ្ធិផលរបស់សហរដ្ឋអាមេរិកនៅក្នុងវិស័យការពារសិទ្ធិមនុស្ស?»។

អ្នកការទូតរូបនេះបានគូសបញ្ជាក់ថា ពេលនេះ សហរដ្ឋអាមេរិកអាចត្រឹមតែអួតអំពីការប្រព្រឹត្តខុស និងឃោរឃៅ​ទៅលើអ្នកសារព័ត៌មានដែលត្រូវបានគេទម្លាក់ដាក់នូវគ្រាប់បែកឧស្ម័នបង្ហូរទឹកភ្នែក នឹងបាញ់ដោយគ្រាប់កាំភ្លើងជ័រដោយមន្រ្តី​ប៉ូលិស។ លោកស្រី Zakharova បានសន្និដ្ឋានថា «មានអ្វីដែលគួរមានមោទនភាព៖ អ្នកសារព័ត៌មានអាម៉េរិក និងបរទេស​ជាង ១០០នាក់បានរងនូវការឈឺចាប់នៅចំពោះមុខប៉ូលិស»។

នៅមុននេះ ក្រសួងការបរទេសរុស្ស៊ីបានអំពាវនាវដល់អង្គការអន្តរជាតិពាក់ព័ន្ធនានាឱ្យមានប្រតិកម្មតបទៅនឹងការ​កើនឡើងនូវអំពើហិង្សារបស់ប៉ូលិសអាម៉េរិកប្រឆាំងទៅនឹងអ្នកតំណាងសារព័ត៌មាន ដែលកំពុងឈរជើងយកព័ត៌មានអំពី​ការតវ៉ានៅសហរដ្ឋអាមេរិក។ ទីភ្នាក់ងារការទូតក៏បានចង្អុលបង្ហាញអំពីបញ្ហាជាប្រព័ន្ធទាក់ទងនឹងសិទ្ធិមនុស្សនៅសហរដ្ឋ​អាមេរិក ដែលបង្ហាញដោយកុបកម្ម និងការតវ៉ាដែលបានផ្ទុះឡើងនៅទូទាំងប្រទេសនេះ៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)