លោក ត្រាំ និយាយថា ការអញ្ជើញលោក ពូទីន ទៅចូលរួមកិច្ចប្រជុំកំពូល G7 នឹងធ្វើឱ្យបញ្ហារបស់រុស្ស៊ីកាន់តែងាយស្រួលដោះស្រាយ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ — កាលពីថ្ងៃពុធ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ទៅចូលរួមកិច្ចប្រជុំកំពូល G7 នឹងបង្កលក្ខណៈងាយស្រួលក្នុងការ​ដោះស្រាយបញ្ហាដែលទាក់ទងនឹងប្រទេសរុស្ស៊ី។

លោក ត្រាំ បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយ Fox Radio ថា «វាជាសំណួរនៃរឿងធម្មតា។ ដូច្នេះ យើង​មាន G7 គាត់ [ពូទីន] មិននៅទីនោះទេ។ កិច្ចប្រជុំពាក់កណ្តាលត្រូវបានឧទ្ទិសដល់ប្រទេសរុស្ស៊ី ហើយប្រសិនបើគាត់នៅទី​នោះ វានឹងកាន់តែងាយស្រួលក្នុងការដោះស្រាយ»។

វិមានក្រឹមឡាំងបាននិយាយថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីពេលថ្មីៗនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជូនដំណឹងដល់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អំពីគំនិតរបស់លោកក្នុងការធ្វើកិច្ចប្រជុំ​កំពូល G7 នៅខែកញ្ញាខាងមុខ ជាមួយនឹងការអញ្ជើញដែលអាចធ្វើទៅបានរបស់មេដឹកនាំរុស្ស៊ី ឥណ្ឌា អូស្ត្រាលី និង កូរ៉េ​ខាងត្បូង។

អ្នកនាំពាក្យសេតវិមានក៏បាននិយាយដែរថា លោក ត្រាំ ចង់ពិភាក្សាជាមួយប្រទេសចិនក្នុងអំឡុងពេលនៃកិច្ចប្រជុំ​កំពូលនេះ។ កិច្ចប្រជុំកំពូលដែលជាប្រពៃណីនេះ រួមមានប្រទេសកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលគ្រោងនឹងធ្វើឡើងនៅសហរដ្ឋអាមេរិកក្នុងខែមិថុនា ប៉ុន្តែត្រូវបានពន្យារពេលរហូតដល់ខែកញ្ញា ដោយសារការឆ្លងរាលដាលនៃមេរោគកូរ៉ូណាវីរុស។

ប្រទេសរុស្ស៊ី គឺធ្លាប់ជាផ្នែកមួយនៃប្លុកនេះដែលបន្ទាប់មកត្រូវបានគេហៅថា G8។ រហូតដល់ឆ្នាំ ២០១៤ នៅពេល​ដែលមានការខ្វែងគំនិតគ្នាចំពោះព្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន និងតំបន់គ្រីមៀ ដែលជាហេតុធ្វើឱ្យ​ទីក្រុងមូស្គូចាកចេញពីប្លុកនេះ។ ប្រទេសផ្សេងទៀតនៅក្នុងអង្គការនេះបានចោទប្រកាន់ប្រទេសរុស្ស៊ីថា បានជ្រៀតជ្រែកកិច្ច​ការផ្ទៃក្នុងរបស់អ៊ុយក្រែន បើទោះបីជាទីក្រុងមូស្គូបានច្រានចោលរាល់ការចោទប្រកាន់នេះក៏ដោយ៕

(ប្រភព Sputnik បកប្រែដោយ លោក យា ចិន្តាខន្តី)