ប្រទេសរុស្ស៊ីនឹងមិនដែលផ្តួចផ្តើមប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះឡើយ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ — កាលពីថ្ងៃពុធ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov គូសបញ្ជាក់ថា ប្រទេសរុស្ស៊ីនឹងមិនដែលផ្តួចផ្តើមប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះឡើយ។ លោកបានកត់សម្គាល់ថា នេះត្រូវបានចែងនៅក្នុង​គោលការណ៍ជាមូលដ្ឋាននៃគោលនយោបាយរដ្ឋរបស់ប្រទេសរុស្ស៊ីក្នុងការទប់ស្កាត់អាវុធនុយក្លេអ៊ែរ ដែលត្រូវបានអនុម័ត​កាលពីថ្ងៃអង្គារដោយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះបាននិយាយបន្ថែមថា ធាតុមួយចំនួននៃយុទ្ធសាស្ត្រនេះត្រូវបានផ្សព្វផ្សាយពីមុន​ដោយមានសេចក្តីថ្លែងការណ៍ដែលបានលើកឡើងអំពីបញ្ហានេះនៅកម្រិតផ្សេងៗគ្នាដោយអ្នកជំនាញ និងមន្ត្រីជាន់ខ្ពស់។

លោក Peskov បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «ឥឡូវនេះ ឯកសារទាំងមូលត្រូវបានបោះពុម្ពផ្សាយដែលបានចែង​នូវអ្វីដែលអាចបង្ខំឱ្យរុស្ស៊ីប្រើប្រាស់អាវុធនុយក្លេអ៊ែរ។

ឯកសារដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីរុស្ស៊ីនេះ នឹងជំនួសនូវឯកសារស្រដៀងគ្នាដែលត្រូវបាន​អនុម័តកាលពី ១០ឆ្នាំមុន ហើយអនុវត្តរហូតដល់ឆ្នាំ ២០២០ នេះ។ មិនដូចអ្នកកាន់តំណែងមុនទេ ឯកសារថ្មីត្រូវបានផ្សព្វ​ផ្សាយនៅលើគេហទំព័រព័ត៌មានផ្លូវការ។ យុទ្ធសាស្ត្រថ្មីនេះបញ្ជាក់ថា គោលនយោបាយរដ្ឋរបស់រុស្ស៊ីក្នុងការទប់ស្កាត់អាវុធ​នុយក្លេអ៊ែរ គឺមានលក្ខណៈជាការការពារ៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)