ប្រទេសហ្វីលីពីនផ្អាកការបញ្ចប់កិច្ចព្រមព្រៀង VFA ជាមួយសហរដ្ឋអាមេរិក

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ — ​រដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីនបានប្រកាសថា ប្រទេសហ្វីលីពីនបានផ្អាកការ​បញ្ចប់​កិច្ចព្រមព្រៀងការធ្វើទស្សនកិច្ចរបស់កងកម្លាំង (VFA) ជាមួយសហរដ្ឋអាមេរិក។

លោក Locsin បានបង្ហោះនៅលើគណនី Twitter  របស់លោកថា ការលុបចោលកិច្ចព្រមព្រៀងនេះត្រូវបានផ្អាកតាម​ការណែនាំរបស់ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ដោយសារតែ“ នយោបាយ និងការវិវឌ្ឍន៍ដទៃទៀតនៅ​ក្នុងតំបន់»។

កិច្ចព្រមព្រៀង VFA ផ្តល់ក្របខ័ណ្ឌច្បាប់សម្រាប់វត្តមានរបស់កងទ័ពសហរដ្ឋអាមេរិកនៅក្នុងប្រទេសហ្វីលីពីន និង​សម​យុទ្ធយោធារួមគ្នា។

កាលពីថ្ងៃទី១១ ខែកុម្ភៈ កន្លងទៅ ប្រទេសហ្វីលីពីនបាននិយាយថា ​ខ្លួនបានផ្ញើសេចក្តីជូនដំណឹងទៅសហរដ្ឋ​អាមេរិកថា ខ្លួននឹងលុបចោលកិច្ចព្រមព្រៀងយោធាដែលមានអាយុកាលរាប់ទសវត្សមកនេះ។ ការបញ្ចប់នេះត្រូវបានកំណត់​ចូលជាធរមានបន្ទាប់ពីរយៈពេល ១៨០ថ្ងៃដោយគ្មានការយល់ព្រមពីសហរដ្ឋអាមេរិក៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)