អ្នកជំនាញ និងនិស្សិតបរទេសត្រូវបានអនុញ្ញាតឱ្យចូលប្រទេសឡាវ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ — អ្នកជំនាញ និងនិស្សិតបរទេសនឹងត្រូវបានអនុញ្ញាតឱ្យចូលប្រទេសឡាវ ខណៈដែល​ប្រទេសនេះកំពុងដកវិធានការណ៍គម្លាតសង្គមបន្ថែមទៀត បន្ទាប់ពីគ្មានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ត្រូវបានរាយការណ៍ក្នុង​រយៈពេល ៥២ ថ្ងៃជាប់ៗគ្នា។

នៅក្នុងសេចក្តីប្រកាសចុងក្រោយរបស់ខ្លួនដែលផ្តល់ព័ត៌មានកាលពីពេលថ្មីៗនេះ ស្តីពីច្បាប់ចូល និងចេញ ក្រសួង​ការបរទេសឡាវបាននិយាយថា ជនជាតិឡាវនៅប្រទេសក្រៅដែលមានបំណងត្រឡប់មកប្រទេសវិញ គឺត្រូវចុះឈ្មោះនៅ​ស្ថានទូតឡាវ ឬស្ថានកុងស៊ុលឡាវនៅក្នុងប្រទេសរបស់ពួកគេ ដើម្បីកំណត់អំពីរបៀប នៃការត្រឡប់មកវិញរបស់ពួកគេ ដែលអាចត្រូវបានសម្របសម្រួល។

បណ្តាទីភ្នាក់ងាររដ្ឋឡាវដែលមានបំណងនាំយកអ្នកជំនាញ ឬនិស្សិតបរទេសចូលទៅក្នុងប្រទេសនេះសម្រាប់ហេតុ​ផលចាំបាច់ ក៏ត្រូវបញ្ជូនឯកសារទៅលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិដើម្បីការពារ និងត្រួតពិនិត្យជំងឺកូវីដ​-១៩ ដែរ។

បុគ្គល ឬនីតិបុគ្គលដែលចង់នាំវិនិយោគិន ឬអ្នកជំនួញបរទេសដើម្បីស្វែងរកឱកាសវិនិយោគ ចាំបាច់ត្រូវអនុវត្តតាម​នីតិវិធី ដែលបានចែងដោយស្ថាប័នពាក់ព័ន្ធមុនពេលបញ្ជូនពាក្យសុំទៅ លេខាធិការដ្ឋាន។

ការិយាល័យតំណាងនៃបេសកកម្មការទូតបរទេស និងអង្គការអន្តរជាតិនៅប្រទេសឡាវ ដែលចង់នាំយកអ្នកការទូត និងបុគ្គលិកបរទេសចូល ត្រូវដាក់ឯកសារបញ្ជាក់ពីគោលបំណងរបស់ពួកគេទៅក្រសួងការបរទេស។

រាល់ជនបរទេសដែលចូលមកក្នុងប្រទេសឡាវ ត្រូវតែត្រូវបានធ្វើតេស្តរកមើលជំងឺកូវីដ-១៩ នឹងទទួលបាន​វិញ្ញាបនបត្របញ្ជាក់ថា ពួកគេបានធ្វើតេស្តអវិជ្ជមានចំពោះវីរុសនេះ។ វិញ្ញាបនបត្រនេះត្រូវតែចេញនៅក្នុងប្រទេសដែលពួកគេ​បានចាកចេញ និងប្រគល់ជូនអាជ្ញាធរនៅព្រំដែនឡាវ។ វិញ្ញាបនបត្រត្រូវតែត្រូវបានចេញមិនតិចជាង ៧២ម៉ោង មុនពេលចាប់​ផ្តើមនៃការធ្វើដំណើររបស់ពួកគេ។

ប្រសិនបើនរណាម្នាក់ត្រូវបានរកឃើញថា មានអាការៈនៃជំងឺកូវីដ-១៩ នឹងត្រូវបានយកទៅកាន់មន្ទីរពេទ្យដែលនៅទី​នោះ ពួកគេនឹងត្រូវបានដាក់ឱ្យនៅដាច់ដោឡែក​ នឹងធ្វើតេស្តរកវីរុសនេះ៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)