ប្រទេសថៃអនុញ្ញាតឱ្យពលករចំណាកស្រុកនៅធ្វើការ នៅប្រទេសថៃរហូតដល់ថ្ងៃទី ៣១ ខែកក្កដា

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ — គណៈរដ្ឋមន្រ្តីថៃបានសម្រេចអនុញ្ញាតឱ្យពលករចំណាកស្រុកមកពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា នៅធ្វើការនៅក្នុងប្រទេសថៃរហូតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ ដើម្បីជួយកាត់បន្ថយ សក្តានុពល ​នៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងដើម្បីរក្សាបាននូវកម្លាំងពលកម្ម ខណៈដែលស្ថានភាពកាន់តែប្រសើរឡើងជាលំដាប់។

កន្លងមក ក្រសួងមហាផ្ទៃ និងក្រសួងការងារនៃប្រទេសថៃ បានអនុញ្ញាតឱ្យពួកគេស្នាក់នៅ នឹងធ្វើការនៅក្នុង​ព្រះរាជាណាចក្រនេះរហូតដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំនេះ។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកសាស្រ្តាចារ្យបណ្ឌិត Narumon Pinyosinwat ត្រូវបានដកស្រង់សម្តីដោយ​ការិយាល័យព័ត៌មានជាតិនៃប្រទេសថៃ (NNT) កាលពីថ្ងៃទី៣ ខែមិថុនាថា ដោយវិធានការណ៍ទប់ទល់នឹងជំងឺនេះនៅតែជាធរមាន ក្រសួងការងារបានកោះហៅប្រជុំគ្រប់អង្គភាពផ្សេងៗ។ ពួកគេបានដោះស្រាយថា ពលករចំណាកស្រុកមកពីប្រទេស ជិតខាង​ទាំងបីអាចស្នាក់នៅនឹងធ្វើការនៅក្នុងប្រទេសថៃចន្លោះពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែកក្កដា។

ពលករចំណាកស្រុករួមមានពីរក្រុម ដែលមួយក្រុមក្នុងនោះមានពលករខ្មែរ ឡាវ និង មីយ៉ាន់ម៉ា ដែលមានលិខិត​អនុញ្ញាតិការងារដែលចេញក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីបញ្ហាការងារ។ ក្រុមទីពីរ គឺពលករខ្មែរ​និងមីយ៉ាន់ម៉ា ដែលកាន់លិខិតឆ្លងដែនស្របតាមមាត្រា ៦៤ នៃច្បាប់ថៃ។

NNT បាននិយាយថា សេចក្តីសម្រេចនេះនឹងកាត់បន្ថយហានិភ័យនៃកម្មករដែលបានចុះកិច្ចសន្យា និងការរីករាល​ដាលនៃជំងឺកូវីដ-១៩ ការពារការខ្វះខាតកម្លាំងពលកម្មនៅពេលក្រោយ និងគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ​បន្ទាប់ពីស្ថានភាពនៃជំងឺកូវីដ-១៩ មានភាពប្រសើរឡើង៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)