កងអន្តរាគមន៍លេខ ៥៩៤ នៃបញ្ជាការដ្ឋានអង្គរក្ស ទទួលអំណោយសម្ភារ: បរិក្ខា និងថវិកា ពីក្រុមហ៊ុន មាសមនហ្វាម៉ា និងសមាគមន៍អ្នកលក់គ្រឿង សម្អាងកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងផ្លូវដង្កើមប្រភេទថ្មី កូវីដ-១៩ នៅកម្ពុជា

វិទ្យុជាតិកម្ពុជា​

រដ្ឋបាលកងអន្តរាគមន៍លេខ ៥៩៤ នៃបញ្ជាការដ្ឋានអង្គរក្ស សម្តេចតេជោនាយករដ្ឋមន្រ្តី ការពារ​គោល​​ដៅ​រាជធានីភ្នំពេញ ទទួលអំណោយ​សម្ភារ: បរិក្ខា និងថវិកា គិតជាទឹកប្រាក់សរុបប្រមាណ ជាង ៥២​លាន​រៀល ពីក្រុមហ៊ុនមាសមនហ្វាម៉ា និងសមាគមន៍អ្នកលក់គ្រឿងសម្អាងកម្ពុជា ក្នុងការ​ប្រយុទ្ធ​​ប្រឆាំង​ជំងឺឆ្លងផ្លូវដង្កើមប្រភេទថ្មី កូវីដ-១៩ នៅកម្ពុជា។ ក្នុងពិធីប្រគល់និងទទួល ដែលធ្វើ​ឡើង​​នៅ​ថ្ងៃទី៣មិថុនា ឯកឧត្តម ឧត្តមសេនីយ៍ឯក យិន ច័ន្ទធួន មេបញ្ជាការកងអន្តរាគមន៍ ៥៩៤ មាន​ប្រសាសន៍ថា ក្នុងរយះពេលប៉ុន្មានខែមកនេះ ប្រទេសជាច្រើនលើពិភពលោក ក៏ដូចជាប្រទេស​កម្ពុជា បានជួបនូវវិបត្តិជំងឺរលាកផ្លូវដង្ហើម កូវីដ-១៩ រងនូវផលប៉ះពាល់ទាំងផ្នែកសេដ្ឋកិច្ច និងការ​អភិ​វឌ្ឍ​យ៉ាង​ធ្ងន់ធ្ងរ ពិសេសធ្វើឲ្យមានអ្នកឆ្លងជំងឺ និងស្លាប់ប្រជាជនយ៉ាងច្រើន។ ដោយឡែកកម្ពុជា​ក្រោម​ការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន បានគ្រប់គ្រង​ស្ថានការណ៍ដ៏អាក្រក់នោះយ៉ាងល្អប្រសើរ និងពុំមានពលរដ្ឋកម្ពុជា ឬជនបរទេសណាម្នាក់ស្លាប់បាត់​បង់​ជីវិត ដោយជំងឺដ៏កាចសាហាវនោះ នៅលើទឹកដីកម្ពុជានោះឡើយ។ លោក ស៊ឹម មាស អគ្គនាយក​ក្រុម​ហ៊ុន មាសមនហ្វាម៉ា និងជាប្រធានសមាគមន៍អ្នកលក់គ្រឿងសម្អាងកម្ពុជា បានថ្លែងថា ក្រុម​ហ៊ុន​របស់លោកតែងតែជួយសម្រួលដល់ការលំបាក របស់អង្គភាពកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជា​ពល​រដ្ឋជួបការលំបាក ដោយប្រការផ្សេងៗ តួយ៉ាងដូចជាការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែល​​បាននិងកំពុងកើតមានក្នុងប្រទេសកម្ពុជានាពេលនេះ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិន ច័ន្ទ​ធូន បន្ត​ថា អង្គភាពបញ្ជាការដ្ឋានអង្គរកទាំងមូល បានគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់ខ្ជាប់ខ្ជួន នូវ​វិធាន​ការការ​ពារ ប្រយុទ្ធប្រឆាំងតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល អគ្គបញ្ជាការ​ នៃ​កងយោ​ធ​ពលខេមរភូមិន្ទ ក៏ដូចជាបទបញ្ជានិងសេចក្តីណែនាំរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍​កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ដោយប្រើប្រាស់​មធ្យោបាយ​ជាច្រើន​រួមមាន ការ​ដាក់​ឲ្យប្រើប្រាស់ នូវបន្ទប់ម៉ាស៊ីនបាញ់សម្លាប់មេរោគ ម៉ាស៊ីនត្រួតពិនិត្យស៊ីតុណ្ហភាព ទឹកអាល់កុល និងជែលលាងដៃសម្លាប់មេរោគ តាមប៉ុស្តិយាមច្រកចេញចូល កន្លែងធ្វើការ កន្លែង​ស្នាក់​នៅ និង​អា​ហារ​ដ្ឋាន ហើយការយាមប្រចាំការ ឬចេញបេសកកម្ម កងកម្លាំង​ទាំងអស់​ ពាក់​ម៉ាស់​ជាប់ជាប្រចាំ រហូតមកដល់ពេលនេះ មិនមាននាយ ពលទាហានណាម្នាក់របស់បញ្ជាការដ្ឋានអង្គរក្ស បានឆ្លងនូវ​ ជំងឺប្រភេទថ្មី កូវីដ-១៩​នោះ​ឡើយ។ ជោគជ័យនិងសមិទ្ធផលសម្រេចបានទាំងនេះ គឺ​ដោយសារ​ការ​ដឹកនាំ ដ៏ឈ្លាសវៃរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ និងនាយឧត្តម​សេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងការយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចដ៏ម៉ឺងម៉ាត់ របស់​នាយ ពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្ស ប្រកបដោយឆន្ទះតស៊ូ អំណត់ ព្យាយាម គោរពតាម​គោល​ការណ៍ដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និង​គោរពតាមអភិក្រមរបស់ បញ្ជាការដ្ឋានអង្គរក្ស គឺស្មោះត្រង់ ការពារ បម្រើ។ គណះអធិបតី​បាន​អញ្ជើញ​ជូនអំណោយជាសម្ភារ: បរិក្ខា និងថវិកា ជូនដល់តំណាងអង្គភាពស្ថាប័ន នៃរដ្ឋបាល​អន្តរា​គមន៍​លេខ៥៩៤ ដែលសរុបជាទឹកប្រាក់ប្រមាណជាង ៥២លានរៀល។