ប្រមុខការទូតកម្ពុជា៖ ពេលស្ថានភាពកូវីដ-១៩ធូរស្រាល ទើបបញ្ជូនមន្រ្តីទូតទៅតាមបណ្តាប្រទេសឡើងវិញ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៣ ០៦ ២០២០៖

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន បញ្ជាក់ថា នៅពេលស្ថានភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ធូរស្រាលដល់កម្រិតដែលនឹងអនុញ្ញាតឲ្យការធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយបាននោះ ទើបមានការ បញ្ជូនឯកអគ្គរាជទូត អគ្គរាជទូត ទីប្រឹក្សា អគ្គកុងស៊ុល និងមន្ត្រីទៅកាន់តំណែងថ្មីរបស់ខ្លួននៅតាមស្ថានតំណាងក្នុងប្រទេសនានា។
ការបញ្ជាក់នេះ បន្ទាប់ពីមានការតែងតាំងឯកអគ្គរាជទូតកម្ពុជាថ្មីចំនួន៩នាក់ទៅប្រចាំនៅចក្រភពអង់គ្លេស សាធារណរដ្ឋស៊ែប៊ី សាធារណរដ្ឋតួកគី សាធារណរដ្ឋបារាំង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សាធារណរដ្ឋ ប្រជាមានិតប្រជាធិបតេយ្យកូរ៉េ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ សាធារណរដ្ឋឥណ្ឌូនេស៊ី និងសាធារណរដ្ឋសឹង្ហបូរី។
ថ្លែងក្នុងពិធីបិទវគ្គតម្រង់ទិសសម្រាប់ឯកអគ្គរាជទូត និងមន្ត្រីការទូត របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី៣ខែមិថុនានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានណែនាំឯកអគ្គរាជទូតកម្ពុជាថ្មី ដែលគ្រោងទៅបំពេញបេសកកម្មនៅក្រៅប្រទេសនាពេលខាងមុខនេះយកចិត្តទុកដាក់ការពារផលប្រយោជន៍គ្រឹះរបស់ប្រទេសជាតិ និងប្រជាពលរដ្ឋឲ្យបានគង់វង់ល្អ ពោល គឺការពារបូរណភាពទឹកដី មិនឲ្យគេរំលោភបំពាន ទន្រ្ទានកាន់កាប់ ប្រើប្រាស់ខុសច្បាប់ ការពារ អធិបតេយ្យ ឯករាជ្យ កិត្យានុភាព កិត្តិយសជាតិជាដាច់ខាត ព្រមទាំងត្រូវតស៊ូប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងរុញច្រានឲ្យប្រទេសជាតិធ្លាក់ក្នុងសង្រ្គាមសារជាថ្មី និងប្រឆាំងរាល់ការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។
ជាមួយគ្នានេះ ក៏ត្រូវចូលរួមវិភាគទាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការ អនុវត្តន៍ការទូត សេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌៕