ក្រសួងកសិកម្ម បានជំរុញដល់ប្រជាពលរដ្ឋប្រកបមុខរបរចិញ្ចឹមសត្វទូទាំងប្រទេស គួរប្រែក្លាយពីការចិញ្ចឹមលក្ខណៈគ្រួសារមកការចិញ្ចឹមជាលក្ខណៈពាណិជ្ជកម្មវិញ

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា ០៣.៦.២០២០៖

ក្រសួងកសិកម្ម បានជំរុញដល់ប្រជាពលរដ្ឋប្រកបមុខរបរចិញ្ចឹមសត្វទូទាំងប្រទេស គួរប្រែក្លាយពីការចិញ្ចឹមលក្ខណៈគ្រួសារមកការចិញ្ចឹមជាលក្ខណៈពាណិជ្ជកម្មវិញ ដើម្បីងាយស្រួលរកទីផ្សារ និងទទួលបានតម្លៃខ្ពស់។
ថ្លែងក្នុងកម្មវិធីជីវិតយើងសង្គមយើងរបស់វិទ្យុជាតិកម្ពុជា លោក សៀង សុខលីម ប្រធាននាយកដ្ឋានផលិតកម្មសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនឹងផលិតកម្មសត្វនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍ថា មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅតាមបណ្តាខេត្ត ក៏ដូចជាការិយាល័យបសុព្យាបាលសត្វ តែងតែជំរុញ ឲ្យប្រជាកសិករចិញ្ចឹមសត្វ ពិសេសការចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ ឲ្យបង្កើនការចិញ្ចឹមសត្វបន្ថែមទៀត ដើម្បីងាយស្រួលរកទីផ្សារ និងទទួលបានតម្លៃខ្ពស់ ខណៈការនាំចូលត្រូវបានកាត់បន្ថយ ស្របពេល កំពុងមានការរីករាលដាននៃជំងឺកូវីដ-១៩ នេះ។
លោកបានបញ្ជាក់ថា មន្ទីរកសិកម្ម ក៏បានណែនាំដល់ប្រជាកសិករ ពីបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ សំរាប់ជាជំនួយ ដល់ពួកគាត់ឲ្យផលិត តាមកិច្ចសន្យា ផងដែរ ។
«បច្ចុប្បន្ននេះការកែប្រែ ការចិញ្ចឹមជ្រូកអភិវឌ្ឍន៍ការចិញ្ចឹមលក្ខណៈគ្រួសារទៅជាលក្ខណៈពាណិជ្ជកម្ម ដើម្បីចិញ្ចឹមមុខរបរការបង្កើតប្រាក់ចំណូលក្នុងគ្រួសារ ហើយទស្សនៈឥរិយាបថនៃការចិញ្ចឹមបានផ្លាស់ប្ដូរ បន្តិចម្ដងៗជាក់ស្តែងរហូតមកដល់ ឆ្នាំ ២០១៩ នេះ ឃើញថាការចិញ្ចឹមជ្រូក បានអភិវឌ្ឍន៍យ៉ាងខ្លាំង បានកែប្រែការចិញ្ចឹមជាលក្ខណៈគ្រួសាមកពាណិជ្ជកម្មទាំងបច្ចេកទេស ទាំងសម្ភារៈចិញ្ចឹម គុណភាពផលិតភាព ពូជជ្រូកផ្សេងៗ មិនចាញ់ប្រទេសជឿនលឿននិងប្រទេសជិតខាង ឥលូវនេះយើងចិញ្ចឹមលក្ខណៈពាណិជ្ជកម្មមានទំហំជាងការចិញ្ចឹមលក្ខណៈគ្រួសារហើយ»។
លោក ស៊្រុន ពៅ ប្រជាពលរដ្ឋ ខេត្ត តាកែវ បានឲ្យដឹងថា ក្រសួងកសិកម្មនិងសមាគមន៍អ្នកចិញ្ចឹមសត្វទូទាំងប្រទេស បាន ផ្តល់បច្ចេកទេសក្នុងការចិញ្ចឹមសត្វក្នុងស្រុក ដើម្បីកាត់បន្ថយក្នុងការនាំចូលនិង ជួយរកទីផ្សារឲ្យប្រជាកសិករផងដែរ។
«ការចិញ្ចឹមសត្វ ក្នុងប្រទេសកម្ពុជាយើងនេះកំពុងតែជឿនលឿន ទី១ដោយបានការជំរុញ ពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្មជាពិសេស គឺអគ្គនាយកដ្ឋាន សុខភាពសត្វនឹងផលិតកម្មសត្វបានជំរុញក្នុងការចិញ្ចឹមសត្វ ក្នុងប្រទេសកម្ពុជាដើរឆ្ពោះទៅមុខយ៉ាងលឿនក្នុងវិស័យចិញ្ចឹម»។
សូមបញ្ជាក់ថា កាលឆ្នាំ២០១៥ ការចិញ្ចឹមជ្រូកលក្ខណៈពាណិជ្ជកម្ម មានតែ១៥ភាគរយប៉ុណ្ណោះ ខណៈការចិញ្ចឹមលក្ខណៈគ្រួសារមានរហូតដល់ ៨៥ ភាគរយ។ ប៉ុន្តែ បច្ចុប្បន្ន ការចិញ្ចឹម លក្ខណៈគ្រួសារបានថយចុះនៅត្រឹមតែ៤៧ភាគរយ ខណៈការចិញ្ចឹមលក្ខណៈពាណិជ្ជកម្មបានកើនឡើងរហូតដល់ទៅ ៥៣ភាគរយ ៕