អាជ្ញាធរខេត្តសៀមរាប ណែនាំដល់ប្រជាកសិករឲ្យបង្កើនការចិញ្ចឹមត្រីនៅក្នុងរដូវបិទនេសាទ

វិទ្យុជាតិកម្ពុជា៖ ស៊ឹង សុផារី 03.06.2020៖

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់ប្រជាកសិករឲ្យបង្កើនការចិញ្ចឹមត្រីនៅក្នុងរដូវបិទនេសាទ ដើម្បីជួយបង្កើនប្រាក់ចំណូលបន្ថែម ជាពិសេសក្នុងអំឡុងពេលកម្ពុជាក៏ដូចជាពិភពលោកកំពុងជួបវិបត្តិកូវីដ-១៩ ។
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា មន្ទីរបានជំរុញឲ្យប្រជាកសិករចិញ្ចឹមត្រីជាលក្ខណៈវារីវប្បកម្មឲ្យបានច្រើន ដើម្បីជួយកាត់បន្ថយការនេសាទត្រីធម្មជាតិ ខណៈរដូវបិទនេសាទឈានចូលមកដល់ ។លោកបានបន្តថា កាលពីមុនទីផ្សារត្រីចិញ្ចឹម គឺមិនសូវមានការគាំទ្រពីប្រជាពលរដ្ឋ និងមិនសូវអោយតម្លៃ ដែលធ្វើឱ្យការចិញ្ចឹមមានការខាតបង់ ។ប៉ុន្តែបច្ចុប្បន្ននេះ ដោយមានការយកចិត្តទុកដាក់ណែនាំ បង្ហាត់បង្ហាញពីការដាក់ចំណី ការថែទាំ និងការចុះជំរុញពីមន្ត្រីជំនាញ គឺឃើញថាប្រជាពលរដ្ឋភាគច្រើន បានងាកមកចាប់អារម្មណ៍ចិញ្ចឹមឡើងវិញ ព្រោះមានការគាំទ្រពីអ្នកទទួលទាន ស្របពេលដែលត្រីធម្មជាតិមានការថយចុះ ។
« យើងបានចុះទៅពង្រឹងដល់កសិដ្ឋានមួយចំនួន ដែលគាត់ចិញ្ចឹមត្រីចិញ្ចឹមអីហ្នឹង ដើម្បីពង្រីកបន្ថែម ហើយក៏បានណែនាំឱ្យបង្កើនការភ្ញាស់បន្ថែម ហើយសម្រាប់កម្មវិធីរបស់អាស្ពាយនេះក៏បានជំរុញទៅលើការចិញ្ចឹមត្រីជាវារីវប្បកម្មដែរ គឺយើងបានជំរុញខ្លាំងដោយសារស្ថានភាពឥឡូវនេះទឹកយើងរាក់ ហើយណាមួយនៅក្នុងរដូវបិទនេសាទទៀត អញ្ចឹងយើងត្រូវបង្កើនការចិញ្ចឹមនេះឲ្យបានច្រើន ដោយសារការចាប់ត្រីធម្មជាតិពីធម្មជាតិនោះ គឺកាន់តែខ្សត់ខ្សោយទៅហើយ អញ្ចឹងសម្រាប់ការផ្គត់ផ្គង់សម្រាប់ទីផ្សារនោះ គឺមិនបានគ្រប់គ្រាន់ ជាពិសេសបង្កើនសម្រាប់យុទ្ធនាការទប់ទល់នឹងជំងឺឆ្លងកូវីដ-១៩»។
សូមបញ្ជាក់ថា ទូទាំងខេត្តសៀមរាប មានការចិញ្ចឹមត្រីឆ្តោ ត្រីរ៉ស់ ត្រីប្រា ត្រីទីឡាព្យា និងប្រភេទត្រីមួយចំនួនទៀតនៅតាមស្រះ មានចំនួន ១ ១៥០ស្រះ, ចិញ្ចឹមតាមបែមានចំនួន ៨១០បែ និងចិញ្ចឹមតាមតង់ប្លាស្ទីកមានចំនួន ៦៣តង់ ក្នុងនោះផលត្រីចិញ្ចឹមឆ្នាំ២០១៩ មានទិន្នផលសរុបចំនួន ២២.៧០០ តោន ៕