គ្មានយុត្តិធម៌, គ្មានសន្តិភាព៖ ក្រុមអ្នកតវ៉ាបាននៅពាសពេញផ្លូវ ក្នុងទីក្រុងរបស់សហរដ្ឋអាមេរិក​ដើម្បីទាមទារយុត្តិធម៌សម្រាប់លោក George Floyd

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ — ចាប់តាំងពីសប្តាហ៍មុនមក រដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិកបានឡោមព័ទ្ធដោយមហាកុបកម្ម ​ជុំវិញការស្លាប់របស់បុរសម្នាក់នៅទីក្រុង Minneapolis គឺលោក George Floyd ។ គាត់បានស្លាប់បន្ទាប់ពីមន្រ្តីប៉ូលិសម្នាក់បានចាប់​សង្កត់ ក យ៉ាងឃោរឃៅក្នុងអំឡុងពេលចាប់ខ្លួន។ កាលពីថ្ងៃទី២៦ ខែឧសភា មន្រ្តីប៉ូលិសទាំងអស់ដែលពាក់ព័ន្ធត្រូវបានបណ្តេញចេញ​ ហើយម្នាក់ក្នុងចំណោមនោះត្រូវបាននាំទៅមន្ទីរឃុំឃាំង ក្រោមការចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនា។

យោងតាមការប៉ាន់ស្មានរបស់ AP បានឱ្យដឹងថា ប្រជាជនជាង ៥.៦០០នាក់ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលធ្វើកុបកម្មនេះ។ ពួកគេត្រូវបានចោទប្រកាន់ពីបទលួច ប្លន់ ការរំលោភបំពានច្បាប់ និងការបិទ ផ្លូវ។ នៅទីក្រុង Minneapolis ចំនួនអ្នកដែលត្រូវបានឃុំខ្លួន​មានចំនួន ១៥៥នាក់ នៅញូវយ៉កមានចំនួនជិត ៨០០នាក់ នៅ Los Angeles មានចំនួនជាង ៩០០នាក់។

បម្រាមគោចរនេះត្រូវបានអនុវត្តនៅក្នុងទីក្រុងប្រមាណជា ៤០ របស់សហរដ្ឋអាមេរិក ដែលមានកងកម្លាំងឆ្មាំជាតិអាម៉េរិកជិត ៦៧.០០០នាក់ត្រូវបានកេណ្ឌ៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)