កុបកម្មតវ៉ាចំពោះការស្លាប់របស់លោក George Floyd បង្ហាញពីភាពអយុត្តិធម៌ក្នុងសង្គម និងភាពលំអៀងនៃការប្រកាន់ពូជសាសន៍នៅសហរដ្ឋអាមេរិក

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ — អស់រយៈពេលមួយសប្តាហ៍ហើយ ដែលទីក្រុងនានារបស់សហរដ្ឋអាមេរិកត្រូវបានរញ្ជួយដោយ​ការតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹងភាពឃោរឃៅរបស់ប៉ូលិស ការធ្វេសប្រហែសចំពោះប្រជាជនស្បែកខ្មៅ និងអ្នកដែលមានពណ៌សម្បុរ​មិនមែនជាអ្នកស្រុកអាហ្រ្វិកអាមេរិកនៅក្នុងទីក្រុង Minneapolis គឺលោក George Floyd ដែលត្រូវបានសម្លាប់ដោយប៉ូលិស។

ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Michelle Bachelet បានបញ្ជាក់ថា ការតវ៉ាដែលកំពុង​កើតឡើងនៅសហរដ្ឋអាមេរិក បានបង្ហាញអំពីបញ្ហាជាច្រើននៅក្នុងសង្គម អាម៉េរិក។ លោកស្រីបានកត់សម្គាល់ថា ក្នុងចំណោមពួកគេមិន​ត្រឹមតែជាអំពើហិង្សារបស់ប៉ូលិសប្រឆាំងនឹងមនុស្សដែលមានពណ៌សម្បុរប៉ុណ្ណោះទេ ប៉ុន្តែក៏មានវិសមភាពដែលត្រូវបានគេមើលឃើញ​នៅក្នុងវិស័យ សុខាភិបាល អប់រំ ការងារ ក៏ដូចជា «ការរើសអើងជាតិសាសន៍»។

លោកស្រី Bachelet បានថ្លែងទៅកាន់បណ្តាប្រទេសនៅជុំវិញពិភពលោកថា «រដ្ឋនានាមិនត្រឹមតែផ្តោតទៅលើផលប៉ះពាល់នា​ពេលបច្ចុប្បន្ននៃភាពខុសគ្នាទាំងនេះទៅលើក្រុមមនុស្ស និងសហគមន៍ដែលប្រឈមនឹងការរើសអើងជាតិសាសន៍នោះទេ ប៉ុន្តែក៏ផ្អែក​លើបុព្វហេតុរបស់ពួកគេផងដែរ»។

លោកស្រី Bachelet បានបញ្ជាក់ថា ជំងឺរាតត្បាតកូវីដ-១៩ ដែលកំពុងបន្តរាលដាលបានបង្កឱ្យមានផលប៉ះពាល់បំផ្លិច​បំផ្លាញ​ដល់ប្រជាជនដែលមានដើមកំណើតអាហ្វ្រិក និងជនជាតិភាគតិចអាហ្វ្រិក មិនត្រឹមតែនៅអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែនៅចក្រភពអង់គ្លេស ប្រេស៊ីល និងបារាំងផងដែរ។ លោកស្រីបាននិយាយបន្ថែមថា វីរុសនេះគ្រាន់តែលាតត្រដាងនូវបញ្ហាមូលដ្ឋាននៅក្នុងសង្គមទាំងនេះ​ដែលនៅតែមិនទាន់ដោះស្រាយបានអស់រយៈពេលជាយូរមកហើយ។

ប្រមុខផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិរូបនេះបានបន្តជំរុញឱ្យអ្នករាល់គ្នា «ក្រោកឈរឡើង និងនិយាយ» ប្រឆាំង​នឹងការរើសអើងជាតិសាសន៍នៅក្នុងពិភពលោក ដោយលើកហេតុផលថា វាគឺជាការទទួលខុសត្រូវរបស់មនុស្សគ្រប់គ្នាតាមរយៈការ​បង្ហោះលើបណ្តាញសង្គម Twitter ៕

(ប្រភព Sputnik បកប្រែដោយ លោក យា ចិន្តាខន្តី)