រុស្ស៊ី រំពឹងអំពីសេចក្តីសម្រេចចុងក្រោយរបស់តួកគី ស្តីពីការបញ្ជូនប្រព័ន្ធមីស៊ីល S-400 លើកទី ២

AKPភ្នំពេញ  ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ — ប្រទេសរុស្ស៊ីបានចាប់ផ្តើមបញ្ជូនប្រព័ន្ធមីស៊ីលប្រភេទ S-400 លើកទី១ ទៅកាន់ប្រទេសតួកគី​កាលពីខែកក្កដា ឆ្នាំ២០១៩ ។ ទីក្រុងវ៉ាស៊ីនតោនមិនសប្បាយចិត្តចំពោះកិច្ចព្រមព្រៀងរវាងទីក្រុងមូស្គូ និងទីក្រុងអង់ការ៉ា ដែលបានទាម​ទារឱ្យប្រទេសតួកគីលុបចោលរាល់ការទិញប្រព័ន្ធមីស៊ីល S-400 ដោយគំរាមពន្យារពេល ឬលុបចោលការចែកចាយនូវជំនាន់ទី៥ នៃប្រភេទយន្ដហោះ F-35 ដល់ប្រទេសនេះ។ ទោះជាយ៉ាងណា គណៈរដ្ឋមន្រ្តីនៃប្រទេសតួកគីបានបដិសេធមិនព្រមធ្វើកិច្ចព្រមព្រៀង​នេះទេ។

លោក Dmitry Shugayev ប្រធានកិច្ចសហប្រតិបត្តិការយោធាផ្នែកបច្ចេកទេសយោធានៃសហព័ន្ធ  រុស្ស៊ីបាននិយាយនៅថ្ងៃពុធ​នេះថា ទីក្រុង​មូស្គូកំពុងរង់ចាំមើកការសម្រេចចុងក្រោយរបស់ទីក្រុងអង់ការ៉ា ស្តីពីការបញ្ជូនប្រព័ន្ធការពារដែនអាកាស S-400 របស់រុស្ស៊ី​ជាលើកទី២ ។

លោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Ecoturk របស់តួកគីថា «ដោយពិចារណាលើការរឹតត្បិតទាក់ទង​នឹងរោគរាតត្បាតជាសកល ខ្ញុំអាចនិយាយបានថា ការព្យាករណ៍អំពីពេលវេលានៃការចុះ​ហត្ថលេខាលើកិច្ចសន្យានេះ គឺគ្មានន័យទេ។ ទោះជាយ៉ាងណា ការសន្ទនាអំពីការបញ្ជូនជាលើកទីពីរនូវប្រព័ន្ធការពារដែនអាកាសប្រភេទ S-400 កំពុងស្ថិតនៅក្នុងដំណាក់កាល​ស្ងៀមស្ងាត់មួយ ហើយយើងរង់ចាំមើលការសម្រេចចុងក្រោយរបស់ភាគីតួកគី»។

មន្ត្រីរូបនោះក៏បានកត់សម្គាល់ផងដែរថា ប្រទេសតួកគីបានបញ្ជាទិញសម្ភារៈយោធាដែលមានតម្លៃ ១ ប៊ីលានដុល្លារអាមេរិកពី​រុស្ស៊ី។

ទីក្រុងអង់ការ៉ាមានទំនាស់ជាមួយសម្ព័ន្ធមិត្តណាតូរបស់ខ្លួន គឺសហរដ្ឋអាមេរិក ចាប់តាំងពីខ្លួនបានចុះកិច្ចព្រមព្រៀងទិញប្រព័ន្ធ​ការពារដែនអាកាស S-400 ដែលផលិតដោយរុស្ស៊ី។ សហរដ្ឋអាមេរិកបានព្យាយាមដាក់សម្ពាធទៅលើសម្ព័ន្ធមិត្តរបស់ខ្លួនមួយនេះ នឹងបង្ខំឱ្យប្រទេសតួកគីលុបចោលកិច្ចព្រមព្រៀងនេះ។ ទោះជាយ៉ាងណា​ទីក្រុងអង់ការ៉ាបានបដិសេធមិនធ្វើតាមនោះទេ ហើយបាន​ទទួលការបញ្ជូនជាលើកទីមួយនូវប្រព័ន្ធនេះពីប្រទេសរុស្ស៊ីកាលពីឆ្នាំ ២០១៩ ។

យោងតាមអ្នកនាំពាក្យប្រធានាធិបតីតួកគី លោក​Ibrahim Kalin បានឱ្យដឹងថា រដ្ឋាភិបាលតួកគីបានប្តេជ្ញាចិត្តជាគោលការណ៍​ចំពោះផែនការរបស់ខ្លួនក្នុងការធ្វើឱ្យដំណើរការប្រព័ន្ធនេះ បើទោះបីជាមានភាពយឺតយ៉ាវបណ្តាលមកពីវិបត្តិសុខភាពដោយសារជំងឺកូវីដ-១៩ ក៏ដោយ៕

(ប្រភព Sputnik បកប្រែដោយ លោក យា ចិន្តាខន្តី)