ទីក្រុងមូស្គូនិយាយថា ការពង្រីកកិច្ចប្រជុំកំពូល G7 ជាជំហាន ក្នុងទិសដៅត្រឹមត្រូវ ប៉ុន្តែត្រូវការជាចាំបាច់នូវវត្តមានរបស់ចិន

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ — កាលពីថ្ងៃអង្គារ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា គំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការរៀបចំពង្រីក​កិច្ចប្រជុំកំពូល G7 ដែលមានការចូលរួមពីប្រទេសរុស្ស៊ី និងប្រទេសមួយចំនួនទៀត គឺជាជំហានមួយក្នុងទិសដៅដ៏ត្រឹមត្រូវ។ ប៉ុន្តែទោះ​ជាយ៉ាងណា វានឹងមិនធានានូវការតំណាងជាសកលនោះទេ ប្រសិនបើគ្មានការចូលរួមពីប្រទេសចិននោះ។

អ្នកការទូតរូបនេះបានសង្កត់ធ្ងន់ថា «គំនិតនៃការពង្រីកកិច្ចប្រជុំ G7 នេះ គឺជាជំហានមួយនៅក្នុងទិសដៅដ៏ត្រឹមត្រូ ប៉ុន្តែវាមិន​បានផ្តល់នូវការតំណាងជាសកលយ៉ាងពិតប្រាកដនោះទេ។ ឧទាហរណ៍ជាក់ស្តែង គឺថា វាមិនអាចទៅរួចទេ ក្នុងការអនុវត្ត ការដ៏សំខាន់​នៃសារៈសំខាន់ជាសកលដោយគ្មានការចូលរួមពីប្រទេសចិន»។ អ្នកការទូតរូបនេះបានសង្កត់ធ្ងន់។

យោងតាមលោកស្រី Zakharova បានឱ្យដឹងថា ទីក្រុងមូស្គូបានកត់សម្គាល់នូវការថ្លែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលលោកចាត់ទុក G7 នាពេលបច្ចុប្បន្ននេះ «ជាទម្រង់នៃក្រុមប្រទេសដែលហួសសម័យ» ហើយដែលមិនតំណាងឱ្យអ្វីដែលកំពុងកើត​ឡើងនៅលើពិភពលោកនាពេលនេះទេ។ លោកស្រីបានកត់សម្គាល់ថា «យើងយល់ស្របនឹងវិធីសាស្ត្រនេះ»។ វាមិនអាចទៅរួចទេ ក្នុងការ​ដោះស្រាយបញ្ហានយោបាយ និងសេដ្ឋកិច្ចសកលលោកនៅក្នុងក្លឹបផ្តាច់មុខនៃបណ្តាប្រទេសលោកខាងលិច។ នេះ គឺជាតថភាពជាក់​ស្តែង។

លោកស្រីបានចង្អុលបង្ហាញអំពីទម្រង់ដ៏មានប្រសិទ្ធិភាពមួយនៅក្នុងទស្សនៈរបស់លោកស្រី ដូចជា G20 ដែលក្នុងនោះទាំង​ប្រទេសសមាជិក G7 និង BRICS ត្រូវបានតំណាង។

លោក ត្រាំ បាននិយាយនៅពេលមុននេះថា ប្រទេសរុស្ស៊ីអាចត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូល G7 ។ ក្នុងអំឡុង​ពេលនៃការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី១ ខែមិថុនា លោក ត្រាំ បានជូនដំណឹងដល់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អំពីគំនិតនោះ។ មេដឹកនាំសហរដ្ឋអាមេរិកបានពន្យារពេលកិច្ចប្រជុំកំពូល G7 ដែលបានគ្រោងទុករហូតដល់ខែកញ្ញា ដោយគ្រោងនឹង​អញ្ជើញប្រទេសកូរ៉េខាងត្បូង អូស្រ្តាលី និង ឥណ្ឌា ឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីព្រឹកថ្ងៃអង្គារថា ប្រទេសរុស្ស៊ីនឹងទទួលបានព័ត៌មាន​បន្ថែមអំពីកិច្ចប្រជុំកំពូល G7 នាពេលខាងមុខនេះតាមរយៈបណ្តាញការទូត ពីព្រោះនៅពេលនេះនៅមានភាពមិនទាន់ច្បាស់លាស់នៅ​ឡើយនៅលើរឿងមួយចំនួន៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)