កូរ៉េខាងត្បូងស្នើថវិកាបន្ថែមតម្លៃ ៣៥,៣ទ្រីលានវ៉ុន

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ — នៅក្នុងថ្ងៃពុធនេះ ប្រទេសកូរ៉េខាងត្បូងបានស្នើផែនការថវិកាបន្ថែមមួយទៀតដែលមាន​តម្លៃ ៣៥,៣ទ្រីលានវ៉ុន (២៩ប៊ីលានដុល្លារអាម៉េរិក) ដែលនឹងជួយដល់ឧស្សាហកម្មសំខាន់ៗក្នុងការទប់ស្កាត់ការប៉ះទង្គិច​សេដ្ឋកិច្ចពីការរាតត្បាតនៃមេរោគកូរ៉ូណាវីរុស និងការការពារការងារ។

យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េខាងត្បូងបានឱ្យដឹងថា ថវិកាច្រើនដែលមិនធ្លាប់មាននេះនឹងត្រូវអនុម័តពី​រដ្ឋសភាដែលនឹងបង្កើនកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចជាតិសរុបដល់ទៅ ២៧០ទ្រីលានវ៉ុន ខណៈដែលរដ្ឋាភិបាលបានបង្កើនការ​ឆ្លើយតបសារពើពន្ធ និងរូបិយវត្ថុចំពោះជំងឺរាតត្បាតនេះ។

ថវិកាលើកទី ៣ នេះ ធ្វើឡើងបន្ទាប់ពីថវិកាបំពេញបន្ថែមលើកទីពីរ ដែលមានតម្លៃ ១២,២ទ្រីលានវ៉ុនកាលពីខែមេសា ដើម្បីផ្តល់ថវិកាជាជំនួយបន្ទាន់ដល់ក្រុមគ្រួសារប្រជាជន និងថវិកាទីមួយចំនួន ១១,៧ ទ្រីលានវ៉ុនកាលពីខែមីនា ដើម្បីទប់ទល់​នឹងផលប៉ះពាល់សេដ្ឋកិច្ចនៃការផ្ទុះឡើងនៃវីរុសនេះ។

ក្រសួងនេះបាននិយាយថា វាជាលើកទីមួយហើយក្នុងរយៈពេល ៤៨ឆ្នាំមកនេះ ដែលកូរ៉េខាងត្បូងបានចំណាយថវិកា​បន្ថែមលើកទី ៣ ក្នុងរយៈពេលមួយឆ្នាំ។

ក្រសួងបាននិយាយថា ប្រសិនបើច្បាប់នេះត្រូវបានអនុម័តដោយសភា រដ្ឋាភិបាលនឹងចំណាយច្រើនជាង ៧៥​ភាគរយ​នៃថវិកាបន្ថែមក្នុងរយៈពេលបីខែនេះ៕

(ប្រភព Yonhab បកប្រែដោយ លោក យា ចិន្តាខន្តី)