មេរោគកូរ៉ូណាវីរុសនៅតែជាបញ្ហាប្រឈម នៅក្នុងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍មួយចំនួន

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ — មេរោគឆ្លងកូរ៉ូណាវីរុស SARS-CoV-2 ដែលបណ្តាលឱ្យមានជំងឺកូវីដ-១៩ នៅតែរីករាលដាល​នៅក្នុងបណ្តាប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ ដូចជាឥណ្ឌូណេស៊ី ហ្វីលីពីន និង ម៉ាឡេស៊ី ខណៈដែលប្រទេសទាំងនេះបាន​រាយការណ៍អំពីករណីឆ្លងថ្មីជាច្រើនទៀតកាលពីថ្ងៃទី២ ខែមិថុនា។

ក្រសួងសុខាភិបាលនៃប្រទេសឥណ្ឌូណេស៊ីបានបញ្ជាក់ថា មានការឆ្លងថ្មីចំនួន ៦០៩ករណី និង ២២ករណីបានស្លាប់កាលពីថ្ងៃទី២ ខែមិថុនា ដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ២៧.៥៤៩ករណី និងស្លាប់ចំនួន ១.៦៦៣ករណី។

អ្នកជំងឺចំនួន ៧.៩៣៥នាក់ នៅក្នុងប្រទេសនេះ បានជាសះស្បើយពេញលេញហើយ រហូតមកដល់បច្ចុប្បន្ននេះ។

នៅប្រទេសហ្វីលីពីន ចំនួនឆ្លងជំងឺកូវីដ-១៩ បានកើនឡើងដល់ចំនួន ១៨.៩៩៧នាក់ និងស្លាប់សរុបចំនួន ៩៦៦នាក់ ដោយប្រទេសនេះបានបញ្ជាក់ថា មានអ្នកឆ្លងថ្មីចំនួន ៣៥៩នាក់ និងមានអ្នកស្លាប់ចំនួន ៦នាក់កាលពីថ្ងៃទី២ ខែមិថុនា។

ទន្ទឹមនឹងនេះដែរ អាជ្ញាធរសុខាភិបាលនៅប្រទេសម៉ាឡេស៊ីបានរាយការណ៍អំពីករណីឆ្លងថ្មីចំនួន ២០ករណី ដែលធ្វើឱ្យអ្នកឆ្លង​សរុបនៅក្នុងប្រទេសនេះមានចំនួន ៧.៨៧៧ករណី។ ចំនួនអ្នកស្លាប់នៅតែមាននៅ ១១៥នាក់ដដែល ខណៈដែលប្រទេសនេះមិនមាន​អ្នកស្លាប់ទេ កាលពីថ្ងៃម្សិលមិញនោះ៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)