មន្ត្រីជំនាញចុះសម្របសម្រួល និងដោះស្រាយផលប៉ះពាល់ទីតាំងដែលត្រូវសាងសង់ប្រអប់ទូបញ្ជាស្ថានីយ៍បូមទឹក គម្រោងការពារទឹកជំនន់ជំហានទី៤ ដែលជាជំនួយឥតសំណងរបស់ជប៉ុន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​

រាជធានីភ្នំពេញ៖ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមការងាររបស់គម្រោងJICA ដឹកនាំដោយ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចុះសម្របសម្រួលជាមួយមជ្ឍមណ្ឌលកីឡាកងយោធពលខេមរៈភូមិន្ទ ដើម្បីដោះស្រាយផលប៉ះពាល់សម្រាប់ទីតាំងសាងសង់ប្រអប់ទូបញ្ជាស្ថានីយ៍បូមទឹករបស់គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ រាជធានីភ្នំពេញ ជំហានទី៤ ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ។
មន្ត្រីដដែល បានបញ្ជាក់ថា ក្រោយពីចុះពិនិត្យជាក់ស្តែង និងការពន្យល់នានា ឧត្តមសេនីយឯក តែម ម៉ឺន នាយកមជ្ឍមណ្ឌលកីឡាកងយោធពលខេមរៈភូមិន្ទ បានអនុញ្ញាតឱ្យក្រុមការងារចុះវាស់វែង ដើម្បីគម្រោងសាងសង់ទូបញ្ជាស្ថានីយ៍បូមទឹកនៅចំណុចលើចិញ្ចើមផ្លូវសាធារណៈ ជាប់របងខ្លោងទ្វារច្រកចេញចូលមជ្ឍមណ្ឌលកីឡាកងយោធពលខេមរៈភូមិន្ទ(ស្តាតចាស់) ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា គម្រោងសាងសង់ប្រអប់ទូបញ្ជាស្ថានីយ៍បូមទឹកនេះ មានបណ្តោយ១,៦៦ម៉ែត្រ ទទឹង០,៨០ម៉ែត្រ និងកម្ពស់២,៣០ម៉ែត្រ ដោយសាងសង់គម្លាតចេញពី ជញ្ជាំងរបងប្រវែង០,៤០ម៉ែត្រ និងផ្តើមចេញពីចំណុចគែមបង្អូចប៉ុស្តិ៍យាមទៅផ្នែកខាងកើតប្រវែង ១,៦០ម៉ែត្រ និងមានជម្រៅគ្រឺះទៅក្នុងដី ០,៦០ម៉ែត្រ ។ លោក បន្តថា ការងារនេះ ត្រូវសាងសង់អណ្តូងលូខ្សែបណ្តាញអគ្គីសនីនៅលើចិញ្ចើមផ្លូវសាធារណៈ ទំហំ ០,៨០ម៉ែត្រគុណនឹង០,៨០ម៉ែត្រ ជម្រៅ ០,៧០ម៉ែត្រ នៅចំពីមុខទូបញ្ជាស្ថានីយ៍បូមទឹក ចាប់ប្រអប់កុងទ័រអគ្គីសនីនៅលើទូបញ្ជាស្ថានីយ៍បូមទឹក ដែលមានទំហំកំណត់ជាក់ស្តែងដោយអគ្គីសនីកម្ពុជា។
សូមបញ្ជាក់ថា មុននឹងសាងសង់ការងារខាងលើនេះ ត្រូវទុករយៈពេល០៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទីទី០៣ ដល់ថ្ងៃទី១០ ខែមិថុនា ដើម្បីជូនមជ្ឍមណ្ឌលកីឡាខេមរៈភូមិន្ទ រាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងការពារជាតិជាមុនសិន ទើបអោយសាងសង់ជាក្រោយ ៕