រយៈពេល ៤ ខែដើមឆ្នាំ ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបានបង្ក្រាបបទល្មើសធន ធានធម្មជាតិបានចំនួន២៣៣៣ ករណី

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០២ ០៦ ២០២០៖

 រយៈពេល ៤ ខែដើមឆ្នាំ ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបានបង្ក្រាបបទល្មើសធន ធានធម្មជាតិបានចំនួន ២ ៣៣៣ ករណី ដែលភាគច្រើនពាក់ព័ន្ធនឹងការទន្ទ្រានកាន់កាប់ដីព្រៃដោយ ខុសច្បាប់ បទល្មើសលួចកាប់ឈើ និងបទល្មើសធនធានធម្មជាតិផ្សេងទៀត។
ថ្លែងឱ្យដឹង នៅថ្ងៃទី២ ខែមិថុនានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃ ក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្នុងចំណោមបទល្មើសធនធានធម្មជាតិ ទាំងនេះ មាន១៧៩ករណី មានការពាក់ព័ន្ធនឹងមនុស្សជិត ២០០នាក់ត្រូវចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ
ដើម្បីជំនុំជម្រះក្តីតាមនីតិវិធី និងបានធ្វើការផាកពិន័យអន្តរកាលបានចំនួន ៤០៣ ករណី និងធ្វើការ អប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់ប្រព្រឹត្ត បទល្មើសបានចំនួន ៦១៣ ករណី ពាក់ព័ន្ធនឹងមនុស្សចំនួន៦២៤ នាក់អនុលោមតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងឱ្យដឹងថា ចាប់ពីខែមករា ដល់ខែ មេសាឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថានទាំង ១២៦០ នាក់ បានចុះបេសកកម្មដើរល្បាត ចំនួន ៧ ០៧៨ លើកនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំង ៦០ កន្លែងដែល មានផ្ទៃដីសរុបប្រមាណ ៧,២ លានហិកតា ហើយពេលខ្លះមានការចូលរួមដើរល្បាតពីសហគមន៍តំបន់ ការពារធម្មជាតិដែលបានទទួលស្គាល់ដោយក្រសួងបរិស្ថាន និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ២ ៣៣៣ ករណី។
តាមការគូសបញ្ជាក់របស់ឯកឧត្តមរដ្ឋលេខាធិការ នៅក្នុងការចុះទប់ស្កាត់ បទល្មើសធនធានធម្មជាតិ ៤ ខែនេះ មន្ត្រី ឧទ្យានុរក្សរួមនឹងសហគមន៍តំបន់ការពារធម្មជាតិដែលបាន រឹបអូសរណាយន្តបានចំនួន ៩៧០ គ្រឿង រថយន្ត រថយន្តកែច្នៃ ត្រាក់ទ័របានចំនួន ៥៣ គ្រឿង រឹប អូសម៉ូតូដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសបានចំនួន ១២៦ គ្រឿង ចាប់ឃាត់គោយន្តចំនួន ២០៣ គ្រឿងនិងដោះអន្ទាក់ដែលជាឃាតកលាក់មុខសម្លាប់សត្វព្រៃបានចំនួន ៨៩៥០ អន្ទាក់ ព្រមទាំងបាន ដកហូតកាំភ្លើង កាំភ្លើងកែច្នៃ ស្នាតេះដែល ប្រើប្រាស់សម្រាប់បរបាញ់សត្វបានចំនួន ២៣៩ ដើម៕