គណៈកម្មាធិការ​សកម្ម​ភាព​មីន​ខេត្តបាត់ដំបង សន្និបាត​បូកសរុប​លទ្ធផល សកម្មភាព​ដោះមីន​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​អនុវត្តន៍​បន្ត​ឆ្នាំ​២០២០

AKP បាត់ដំបង ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២០
​នៅ​ព្រឹក​ថ្ងៃ​អង្គារ ១២​កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២០ លោក សឿ​ម ប៊ុន​រិ​ទ្ធិ អភិបាលរង​ខេត្ត បាន​អញ្ជើញ​ចូលរួម​ក្នុង សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ក្នុង​វិស័យ​សកម្មភាព​មីន​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ អនុវត្តន៍​បន្ត​ឆ្នាំ​២០២០ របស់​គណៈកម្មាធិការ​សកម្មភាព​មីន​ខេត្ត​។​

​លោក សឿ​ម ប៊ុន​រិ​ទ្ធិ បាន​ប្រសាសន៍ថា ដោយមាន​ការគិតគូរ​យកចិត្តទុកដាក់​ពី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​អាជ្ញាធរ​មីន និង​ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ នៃ​អាជ្ញាធរ​មីន រួម​ថ្នាក់ដឹកនាំ​ខេត្ត អង្គការ​ជាតិ អន្តរជាតិ និង​មន្ទីរ ស្ថាប័ន​ជំនាញ​នានា​ផង​នោះ ខេត្តបាត់ដំបង​ពិត​ជាមាន​មោទនភាព​ក្រៃលែង ចំពោះ​សន្ទុះ រីកចម្រើន​យ៉ាង​ឆាប់រហ័ស ក្នុង​វិស័យ​សកម្មភាព​ដោះមីន ទាំង​កិច្ចប្រតិបត្តិការ​បោស សម្អាត​មីន និង​ស្នាដៃ​ធំៗ ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​២០១៩ និង​បណ្តា​ឆ្នាំ​កន្លងៗ​ទៅ​ផងដែរ​។

​លោក​បន្តថា សម្រាប់​ខេត្តបាត់ដំបង សម្រេច​រំដោះ​ដី​ចេញពី​គ្រាប់មីន ដោយ​គិត​ចាប់ពី ឆ្នាំ​១៩៩២ រហូតមកដល់​បច្ចុប្បន្ន សរុប​ប្រមាណ ៣៧ ៣៨៦ ហិកតា នៅក្នុង​នោះ​រំដោះ​ដី សម្រាប់​កសិកម្ម​ចំនួន ២៨.៨៣១​ហិកតា ដី​លំនៅឋាន ៧២៣​ហិកតា និង រំដោះ​ដី​សម្រាប់ ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​រូបវ័ន្ត ដូចជា សាលារៀន មណ្ឌល​សុខភាព វត្ត ផ្លូវ ស្រះ​ទឹក អណ្តូងទឹក និង​ប្រព័ន្ធ​ស្រោចស្រព ចំនួន ៦.៥៤៦ ហិកតា​។​

​លោក​អភិបាលរង​ខេត្ត បាន​សម្តែង​នូវ​ការកោតសរសើរ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ប្រតិបត្តិ​ករ​ដោះមីន ក្រុមការងារ (MAPU) ក្រុមការងារ​ផែនការ​សកម្មភាព មីន​ថ្នាក់​ខេត្ត​ស្រុក មន្ទីរ ស្ថាប័ន អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា ដែល​ចូលរួមចំណែក​យ៉ាងសកម្ម ក្នុងការ​បំពេញ​តួនាទី ភារកិច្ច របស់ខ្លួន និង​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​ផងដែរ​។​

​សូមបញ្ជាក់ថា ក្រុមការងារ​បោសសម្អាត​មីន បាន​កម្ទេចចោល​មីន​ប្រឆាំង មនុស្ស​ចំនួន ១៥៣.៦៨១​គ្រាប់ មីន​ប្រឆាំង​រថយន្ត​ក្រោះ​ចំនួន ៣.០៩២​គ្រាប់ សំណល់​ជាតិ ផ្ទុះ​ពី​សង្គ្រាម​ចំនួន ៧៧. ៥៤១​គ្រាប់ និង​មីន​ច្នៃ​ចំនួន ៣៨៥ គ្រាប់​ផងដែរ​៕ ដោយ ណ​យ នឿន (​ប្រភព​៖ រដ្ឋបាលខេត្ត​បាត់ដំបង​)