ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ សម្រេចការ​សាងសង់​បាន​៨៧,៥​ភាគរយ​ហើយ និង​គ្រោង​បញ្ចប់ ក្នុង​ខែមីនា ឆ្នាំ​២០២១​ខាងមុខនេះ​

AKP ភ្នំពេញ ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២០
​គិត​ត្រឹម ខែឧសភា ឆ្នាំ​២០២០​នេះ ស្ពាន​ត​ភ្ជាប់​ពី​ស្រុក​ស្ទឹងត្រង់ (​ខេត្តកំពង់ចាម​) ទៅ​ស្រុក​ក្រូចឆ្មារ (​ខេត្ត​ត្បូងឃ្មុំ​) សម្រេចការ​សាងសង់​បាន ៨៧,៥​ភាគរយ​ហើយ ដែល​គម្រោង​នេះ​នឹង​រួចរាល់​មុន​កាលកំណត់ គឺ​ក្នុង​ខែមីនា ឆ្នាំ​២០២១​ខាងមុខ (​កាលកំណត់​ក្នុង​ខែឧសភា ឆ្នាំ​២០២១) ហើយ​ស្ពាន​នេះ អា​ចត​ភ្ជាប់​រួចរាល់​នៅ​ខែធ្នូ ឆ្នាំ​២០២០ ខាងមុខ​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

​ក្រសួង​សាធារណការ​បាន​គូសបញ្ជាក់ថា ស្ពាន​នេះ​នឹងចូលរួម​ចំណែក​យ៉ាងសំខាន់ ដើម្បី​ត​ភ្ជាប់​ទំនាក់ទំនង​ការដឹកជញ្ជូន និង​ការធ្វើដំណើ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខេត្តកំពង់ចាម និង​ខេត្ត​ឃ្មុំ ដែល​រស់នៅ​យ៉ាងច្រើន​កុះករ នៅ​ត្រើយ​ខាងកើត និង​ត្រើយ​ខាងលិច ទន្លេមេគង្គ ឱ្យបាន​ងាយស្រួល និង​ឆាប់រហ័ស​។​

​សូមបញ្ជាក់ថា ស្ពាន​នេះ​មាន​ប្រវែង​សរុប​១,១៣១ ម៉ែត្រ និង​ទទឹង ១៣,៥០ ម៉ែត្រ ជា​ប្រភេទ​ស្ពានបេតុង​សរសៃដែក ហើយ​ត្រូវបាន​បើក​ការដ្ឋាន​កាលពី​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ដោយ​គ្រោង​ចំណាយ​ថវិកា​សរុប​៥៦,៩៩៨ លាន​ដុល្លារ​អាម៉េរិក ដែល​នឹង​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន​៤២​ខែ​៕​ដោយ រិទ្ធី​