ក្រសួងការពារជាតិកម្ពុជា ទទួលបានសម្ភារសម្រាប់ការពារ និងបង្ការទប់ស្កាត់វីរុសកូវីដ-១៩ ចំនួន១២មុខ ពីក្រសួងការពារប្រទេសចិន

AKP ភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០

សម្ភារសម្រាប់ប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ដែលជាជំនួយរបស់ក្រសួងការពារ​ប្រទេស​ចិន បានប្រគល់ជូនក្រសួងការពារជាតិកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការបង្ការ និង​ទប់​ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។

ថ្លែងនៅក្នុងពិធីប្រគល់សម្ភារសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅអាកាស​យានដ្ឋានអន្តរជាតិភ្នំពេញ នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក លី ជីងហ្វឹង ជាអនុព័ន្ធយោធាចិនប្រចាំកម្ពុជា តំណាងឱ្យក្រសួងការពារប្រទេសចិន បាន​លើកឡើងថា ក្រសួងការពារប្រទេសចិន​ប្តេជ្ញា​ចិត្តប្រកៀកស្មាជាមួយរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការពារជាតិ ដើម្បីប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ-១៩ រហូតជំងឺនេះ​រលាយ​បាត់ពីភពផែនដី។ លោកវរសេនីយ៍ឯកបានថ្លែងថា ការផ្តល់សម្ភារសម្រាប់ប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ-១៩ ដែលជាជំនួយឧបត្ថម្ភរបស់ក្រសួងការពារប្រទេសចិន បានបង្ហាញពីកិច្ច​សហប្រតិបត្តិការស៊ីជម្រៅរវាងចិន និងកម្ពុជា ជាពិសេសបង្ហាញឱ្យឃើញពីការជួយ​គ្នាក្នុង​គ្រាលំបាក ដែលថ្នាក់ដឹកនាំប្រទេស​ទាំងពីរតែងគាំទ្រគោលជំហរគ្នាទៅវិញទៅមក។

លោកវរសេនីយ៍ឯក លី ជីងហ្វឹង បានថ្លែងថា “សម្រាប់កងទ័ពទាំងពីរ មានន័យ​ថាកង​ទ័ពរំដោះប្រជាជនចិន និងកងយោធពលខេរភូមិន្ទ នៅតែបន្តកាន់ដៃគ្នា ប្រកៀក​ស្មា​គ្នាក្នុងការប្រយុទ្ធប្រឆាំងនឹង​ជំងឺកូវីដ-១៩ លុះត្រាតែជំងឺនេះបាត់បង់ពីផែនដី។ ភាគីចិន នៅ​តែបន្តគាំទ្រ​ភាគីកម្ពុជា ទាំងស្មារតី និងសម្ភារក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ”។

ឯកឧត្ដម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយក នៃអគ្គនាយកដ្ឋាន​នយោបាយ និងកិច្ចការបរទេស ក្រសួងការពារ​ជាតិកម្ពុជាបានចាត់ទុកជំនួយរបស់ក្រសួងការពារប្រទេសចិន ជាជំនួយដែលមិនអាច​កាត់​ថ្លៃបាន។ ឯកឧត្ដម នាយឧត្តមសេនីយ៍បានគូសបញ្ជាក់ថា ក្រៅពីកិច្ចការរួមគ្នាដៃ​ទប់ស្កាត់​ការរីករាលដាលវីរុសកូវីដ-១៩ ក្រសួងការពារ​ជាតិ​កម្ពុជា និងក្រសួងការពារប្រទេសចិន មានទិសដៅបន្ថែមទៀត ក្នុងការត្រួតពិនិត្យជា​មុនលើរោគឆ្លងផ្សេងៗទៀត។ ឯកឧត្ដម នាយឧត្តមសេនីយ៍បានបន្ថែមថា នេះគឺជាកិច្ចសហប្រតិបត្តិការដែកថែប ឬកិច្ចសហប្រតិ​បត្តិការអមតៈ រវាងកងទ័ពកម្ពុជា-ចិន ដូចដែលរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន​បាន​កំណត់មក។

សូមបញ្ជាក់ថា សម្ភារដែលក្រសួងការពារប្រទេសចិនផ្តល់ជូនកម្ពុជានៅថ្ងៃនេះ ជាសម្ភារដើម្បីប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រនៅក្នុងមន្ទីរពិសោធន៍ ក្នុងការលើកកម្ពស់​សមត្ថភាព​ដល់ក្រុមគ្រូពេទ្យយោធាកម្ពុជា ក្នុងការពិនិត្យ និងស្វែងរករោគឆ្លងផ្សេងៗ​ទៀត។ សម្ភារទាំងនេះមានចំនួន១២មុខ ដើម្បីជួយ​ប្រយុទ្ធ​ប្រឆាំងជំងឺកូវីដ-១៩នៅក្នុង​ប្រទេស​កម្ពុជា ក្នុងនោះ ក្រសួងការពារប្រទេសចិន មិនត្រឹមតែផ្តល់ជាសម្ភារ​ប៉ុណ្ណោះទេ ប៉ុន្ដែកាលពីថ្ងៃទី២៤ ខែមីនាកន្លងមក ក៏បានបញ្ជូនគ្រូពេទ្យ និងអ្នកជំនាញវេជ្ជសាស្ត្រ​ប្រយុទ្ធប្រឆាំងវីរុសកូវីដ-១៩ ចំនួន៤រូប មកចែករំលែកបទ​ពិសោធន៍ និងបង្ហាត់បង្រៀន ដល់​ក្រុមគ្រូពេទ្យបង្គោលនៃកងយោធពលខេមរ​ភូមិន្ទរយៈ​ពេល២ខែ៕

ដោយ សំ សាម៉ន