ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបថ្មី គ្រោងសាងសង់រួចជាស្ថាពរនៅក្នុងឆ្នាំ២០២៣

វិទ្យុជាតិកម្ពុជា៖ ស៊ឹង សុផារី 02.06.2020៖

ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបថ្មី គ្រោងសាងសង់រួចជាស្ថាពរនៅក្នុងឆ្នាំ២០២៣ ដែលមានសមត្ថភាពអាចទទួលយន្តហោះខ្នាតអន្តរជាតិពីបណ្តាប្រទេសផ្សេងៗ ។
លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានឲ្យដឹងថា អាកាសយាន្តដ្ឋានអន្តរជាតិខេត្តសៀមរាបថ្មី មានទីតាំងនៅទីប្រជុំជនផ្សារដំដែក ស្រុកសូនិគម ចម្ងាយ ៤០គីឡូម៉ែត្រ ពីក្រុងសៀមរាប ដែលដំណើរការសាងសង់បានរយៈពេល១ឆ្នាំរួចមកហើយ ដែលគ្រោងបញ្ចប់ការងារសាងសង់ និងដាក់ឲ្យដំណើរការផ្លូវការនៅឆ្នាំ២០២៣ខាងមុខ ជាមួយនឹងសមត្ថភាព អាចទទួល ភ្ញៀវបានប្រមាណជាង៩លាននាក់ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាពនិងទិសដៅការងារបន្ដ របស់ខេត្ដសៀមរាប កាលពីព្រឹកថ្ងៃទី០២ ខែមិថុនា នាទីស្តីការគណៈរដ្ឋមន្រ្តី លោក បានបន្តថា អាកាសយាន្តដ្ឋាននេះ នឹងជួយកាត់បន្ថយនូវភាពស្មុគស្មាញនៃការធ្វើដំណើររបស់ភ្ញៀវទេសចរអន្តរជាតិ ដែលហោះត្រង់ពីទ្វីបអឺរ៉ុប អាមេរិក និងបណ្តាប្រទេសផ្សេងៗទៀត ។
ពាក់ព័ន្ធនឹងគម្រោងសាងសង់ព្រលានយន្តហោះសៀមរាបអង្គរ នៅក្នុងដំណើរការសាងសង់នេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មាធិការតម្រង់ទិសសម្រាប់ការសាងសង់ព្រលានយន្តហោះសៀមរាបអង្គរ ដែលនៅខាងកើតក្រុងសៀមរាប ដែលបច្ចុប្បន្ននេះមានចម្ងាយត្រង់មកដល់ក្រុងអង្គរវត្តនេះ ប្រវែង៤០គីឡូម៉ែត្រ ហើយបានដំណើរការសាងសង់ ទទួលលទ្ធផលជាច្រើនគួរសមដែរហើយ មានន័យថា បានដំណើរការមួយឆ្នាំហើយ អញ្ចឹងយើងមានក្តីសង្ឃឹមហើយ ដោយសារប្រមុខរាជរដ្ឋាភិបាលយើង បានអនុញ្ញាតឱ្យមានព្រលានយន្តហោះខ្នាតធំខ្នាតអន្តរជាតិ ។
សូមបញ្ជាក់ថា សមត្ថភាពអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបបច្ចុប្បន្ននេះ គឺមិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទទួលបានការហោះហើរត្រង់របស់យន្តហោះខ្នាតអន្តរជាតិនោះទេ ៕