ការស្ទង់មតិ បង្ហាញថា កុមាររៀននៅតាមផ្ទះក្នុងអំឡុងពេលបិទសាលារៀនមានតែជាង៥០%

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០២ ០៦ ២០២០៖

 ក្រុមអង្គការធ្វើការងារលើផ្នែកអប់រំ និងសិទ្ធិកុមារនៅកម្ពុជាចំនួន៦ លើកឡើងថា មានតែកុមារប្រហែល៥៤ភាគរយប៉ុណ្ណោះ ដែលមានលទ្ធភាពទទួលបានឯកសារសិក្សាពេលនៅផ្ទះ ខណៈចំនួន៤៨ភាគរយទៀត រាយការណ៍ថា បានទទួលការគាំទ្រក្នុងការបន្តការសិក្សានៅផ្ទះ ក្នុងអំឡុងពេលរាជរដ្ឋាភិបាលបិទសាលារៀន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅកាន់សហគមន៍។
សេចក្តីថ្លែងការណ៍រួមរបស់អង្គការធ្វើការផ្នែកអប់រំ និងសិទ្ធិកុមារនៅកម្ពុជារួមមាន៖ អង្គការឆាលហ្វាន អង្គការភ្លែនអន្តរជាតិ អង្គការ Save the Children អង្គការ Terre des Hommes អង្គការភូមិកុមារSOS និងអង្គការទស្សនៈពិភពលោកអន្តរជាតិ បានបង្ហាញថា ការសិក្សារបស់កុមារនៅតាមផ្ទះរបស់កម្ពុជាដែលមានអាយុពី១០ដល់១៧ឆ្នាំ ជួបបញ្ហាប្រឈមរួមមាន៖ ល្បឿនអ៊ីនធើណិតយឺត ការចំណាយលើថ្លៃអ៊ីនធើណិត និងការមិនអាចទាក់ទងគ្រូដើម្បីសួរសំណួរ។
ការវាយតម្លៃធ្វើឡើងដោយអង្គការអន្តរជាតិកម្ពុជា បានបង្ហាញថា ឪពុកម្តាយស្ទើរតែ៣០ភាគរយ មិនបានបង្រៀនកូនរបស់ពួកគេទាល់តែសោះ ខណៈឪពុកម្តាយ៦០ភាគរយ ផ្តល់ការគាំទ្រតិចតួចបំផុតដល់ការសិក្សា និងអភិវឌ្ឍន៍ដល់កូនតូចរបស់ពួកគេ។ ជាមួយគ្នានេះ ឪពុកម្តាយ៧៤ភាគរយ រាយការណ៍ថា ពួកគេមានចំណេះដឹងតិចតួចអំពីរបៀបបង្រៀនកូនតូចរបស់ពួកគេ។
សេចក្តីថ្លែងការណ៍ បានបន្តថា ការបិទសាលារៀនអាចមានផលប៉ះពាល់ច្រើនលើក្មេងស្រី ជាពិសេសក្មេងស្រីងាយរងគ្រោះបំផុត ដោយសារក្មេងស្រីត្រូវបានគេឲ្យជួយធ្វើការងារផ្ទះបន្ថែមទៀត ដែលនេះបានកាត់បន្ថយពេលវេលាសម្រាប់ពួកគេសិក្សានៅផ្ទះ។
ទោះជាយ៉ាងនេះក្តី ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ជាទូទៅ ក្រសួងសង្កេតឃើញថា មាតាបិតា សិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធបានស្វាគមន៍ និងគាំទ្រសេវាសិក្សាពីចម្ងាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសជាមួយនឹងការផ្សាយតាមរយ:ទូរទស្សន៍ប៉ុស្តិ៍ទូរទស្សន៍ជាតិកម្ពុជា (ទទក២) ដែលអាចបន្តឲ្យមានការរៀន និងបង្រៀននៅទីក្រុង និងជនបទ ទូទាំង២៥ខេត្ត រាជធានី ក្នុងឱកាសចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩។
ឯកឧត្តម បន្តថា គ្រួសារដែលមិនទាន់មានទូរទស្សន៍អាចរៀនតាមទូរទស្សន៍ជាមួយអ្នកជិតខាងមិនឲ្យលើស ពី១០នាក់ ដោយតម្រូវឲ្យគ្រប់ភាគីពាក់ព័ន្ធរក្សាគម្លាតសុវត្ថិភាព និងអនុវត្តន៍គោលការណ៍វេជ្ជសាស្ត្រតាមការណែនាំរបស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានដាក់កម្មវិធីសិក្សាពីចម្ងាយសិស្សានុសិស្សចាប់ពីថ្នាក់ទី១-១២ ក្នុងអំឡុងពេលរាជរដ្ឋាភិបាលបិទសាលារៀន តាមរយៈការបង្រៀនលើឆាណែលយូធូប ផេកហ្វេសប៊ុក និងតាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា សំដៅឲ្យសិស្សានុសិស្សទទួល បានការអប់រំដូចនៅតាមសាលារៀន៕