សម្តេចតេជោ អះអាងថា ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងក្នុងខេត្តព្រះសីហនុ គឺប្រើប្រាស់ថវិកាជាតិទាំងស្រុង

វិទ្យុជាតិកម្ពុជា៖ យី វិច្ឆិកា ០២ ០៦ ២០២០៖

សម្តេចតេជោ អះអាងថា ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងក្នុងខេត្តព្រះសីហនុ គឺជាការគិតការធ្វើ ការចេញលុយ របស់ខ្មែរទាំងអស់ គ្មានជំនួយពីបរទេសណាមកជួយនោះទេ ដើម្បីប្រែក្លាយខេត្តព្រះសីហនុជាទីក្រុងទេសចរណ៍ និងពាណិជ្ជកម្មដ៏ស៊ីវិល័យ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការនិងក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងក្នុងខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាកម្ពុជា បានឲ្យដឹងថា គ្រប់ការងារទាំងអស់ ក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ទាំង៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ គឺជា ការគិតគូររបស់ខ្មែរ ទាំងការគូរប្លង់ ការចាក់បេតុង ប្លង់គ្រឿងបង្គុំ បទដ្ឋានបច្ចេកទេសផ្លូវ និងការងារផ្សេងៗទៀត ដែលនៅក្នុងប្រទេសកម្ពុជាយើងមិនទាន់មានផ្លូវបែបនេះ ។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុង ការស្ថាបនាផ្លូវក្រុងទាំង៣៤ខ្សែ ដោយមកដល់ពេលនេះបានសម្រេច ការសាងសង់បានប្រមាណ៩៤%ហើយ ។
សំឡេង«ជាថ្មីម្តងទៀតខ្ញុំសូមអរគុណជាមួយនិងការខិតខំរបស់អ្នកទាំងអស់គ្នានៅក្នុងការអភិវឌ្ឍន៍ក្រុងព្រះសីហនុនេះ ជាពិសេសការកសាងផ្លូវ ដ៏ទំនើបដែលខ្ញុំចាត់ទុកថា ខ្ញុំមិនដឹងថាតើប្រទេសណាដែលគេធ្វើបែបហ្នឹងទេ តែប្រទេសខ្មែរជាសិទ្ធិរបស់ខ្មែរធ្វើ ប្រទេសដ៏ទៃគេអាចធ្វើមាំល្អជាងយើងទៅទៀត ប៉ុន្តែប្រទេសយើងវាមិនដែលមានអាធន់ហ្នឹង ។ អញ្ចឹងនៅទីនេះការគិតក៏របស់ខ្មែរ ការធ្វើគ្រប់ផ្នែកទាំងការគូរប្លង់ ទាំងការចិតនេះ ចិតនោះ ចិតភ្នំ គឺខ្មែរធ្វើទាំងអស់ ខ្មែរចេញលុយទាំងអស់ គ្មានជំនួយណាគិតគូរពីបរទេស គ្មានជំនួយបច្ចេកទេសណាពីបរទេស និងគ្មានជំនួយហិរញ្ញវត្ថុសូម្បីមួយសេនដុល្លាពីបរទេស គឺខ្មែរចេញទាំងអស់ អញ្ចឹងសរសេរនៅជញ្ជាំងភ្នំដែលយើងចិតនោះដាក់ថាខ្មែរធ្វើបានវាមិនមែនមានន័យត្រឹមតែចិតភ្នំនោះទេ វាមានន័យទៅឆ្ងាយពីនោះ »៕