ខេត្តសៀមរាបគ្រោងដាំកូនឈើជាច្រើនដើមនៅតំបន់ព្រៃសិករិចរិលនារដូវវស្សានេះ

វិទ្យុជាតិកម្ពុជា៖ ស៊ឹង សុផារី 02.06.2020

ខេត្តសៀមរាប គ្រោងដាំកូនឈើជាច្រើនដើមនៅតំបន់ព្រៃសិករិចរិល នារដូវវស្សានេះ ដើម្បី បង្កើនជាគម្របបៃតង ពិសេសបង្កើនធនធានព្រៃឈើក្នុងខេត្តឲ្យកាន់តែច្រើន ។

អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍………………………….

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា អាជ្ញាធរខេត្តបានខិតខំ ដាំដើមឈើបន្ថែម និងការថែទាំ ព្រមទាំងការរឹតបន្តឹងច្បាប់ស្តីពីបទល្មើសព្រៃឈើ ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាព ក៏ដូចជាបន្ថែមក្រវាត់បៃតង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ មកកំសាន្តក្នុងខេត្ត ឱ្យបានកាន់តែច្រើន ដែលជាកត្តាមួយរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ ។

  លោក បានបន្តថា បច្ចុប្បន្ន មានកូនឈើប្រណិតចម្រុះ បានបណ្តុះរួចជាច្រើនប្រភេទ ដូចជា បេង គគីរ ឈើទាល កកោះ គ្រញូង ត្រាច ទៀក នាងនួន និងធ្នុងជាដើម ដើម្បីត្រៀមដាំនៅតាមកន្លែងដែលបានគ្រោងទុក ដូចជានៅតាមសាលារៀន ទីវត្តអារាម ទីសាធារណៈ ពិសេសទីតាំងដែលមានភ្លើងឆេះព្រៃរិចរិល ។

  លោកបានបន្តថា ព្រៃឈើមិនត្រឹមតែជួយដល់មនុស្ស សត្វនិងបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែព្រៃឈើក៏ជួយដល់ប្រាង្គប្រាសាទឲ្យស្ថិតនៅគង់វង្សយូរអង្វែង ជារបាំងខ្យល់ទប់ស្កាត់ការសឹករិចរិល រង្គោះរង្គើដល់ថ្មប្រាង្គប្រាសាទ ជាមធ្យោបាយស្រូបទឹកក្រោមដី ផ្តល់សំណើមដល់ថ្មប្រាង្គប្រាសាទដើម្បីរក្សាបាននូវការស្រុតនិងរបេះក្បាច់រចនា ការពារនូវការហូរច្រោះ ទប់ស្កាត់និងការដួលរលំនៃប្រាង្គប្រាសាទផងដែរ។

សំឡេង ៖ ព្រៃឈើមានផលប្រយោជន៍ច្រើន ទីមួយវាផ្ដល់នូវអេកូទេសចរណ៍ផងនិងអេកូឡូស៊ីរបស់តំបន់នេះផង វាអាចជួយទប់ទាំងសំណុំ ទាំងសំណើម ទាំងទឹកភ្លៀង ទាំងគ្រោះរាំងស្ងួត បើសិនជាយើងមានព្រៃឈើទៅវាជួយទប់ជួយទាក់ទាញបានច្រើន ប៉ុន្តែគ្រាន់ថាដីដែលយើងថែរក្សានេះវាមិនបានច្រើន ដោយសារតែកាលពីមុនមកយើងត្រូវបានមានការកាប់ទន្ទ្រានពីប្រជាពលរដ្ឋផង និងត្រូវធ្វើជាដីសម្បទានសេដ្ឋកិច្ចច្រើនដែរ បានអញ្ចឹងវានៅសល់តែដីតំបន់ឧទ្យាន ហើយនិងតំបន់ការពារមួយចំនួន និងដីចម្ការឈើ និងចង្កាគុម្ពនេះឯង ប៉ុន្តែសម្រាប់ការចលនានៃការដាំនេះ គឺយើងបានឲ្យត្រៀមលក្ខណៈបណ្ដុះកូនឈើគ្រប់ថ្នាលឈើទៅតាមសង្កាត់រដ្ឋបាលព្រៃឈើទាំងអស់ត្រៀមសម្រាប់ដាំតាមសាលារៀន ទីវត្តអារាម និងទីសាធារណៈ ។

សូមបញ្ជាក់ថា ខេត្តសៀមរាបមានតំបន់ព្រៃឈើលើផ្ទៃដី៣ម៉ឺនហិកតា ក្នុងសហគមន៍ចំនួន៦៧កន្លែង និងមានចំការពូជ ( ឈើក្រញូង , ធ្នុង ) ចំនួន៣កន្លែងដែលមានផ្ទៃដី២៤០០ហិកតា ៕