រដ្ឋសភាថៃបានអនុម័តកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចចំនួន ៥៨ ប៊ីលានដុល្លារអាមេរិក

AKPភ្នំពេញ  ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ — កាលពីថ្ងៃទី៣១ ខែឧសភា សភាជាតិនៃប្រទេសថៃបានអនុម័តកញ្ចប់ថវិកាលើកទឹកចិត្តមួយ​ដែលមានទឹកប្រាក់ចំនួន ១,៩ទ្រីលានបាត ( ៥៨ ប៊ីលានដុល្លារអាម៉េរិក ) ដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៃជំងឺ កូវីដ-១៩ ។

កញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចនេះ រួមបញ្ចូលនូវថវិកានៃផែនការរបស់រដ្ឋាភិបាល ក្នុងការខ្ចីប្រាក់១ ទ្រីលានបាត និងវិធានការរបស់​ធនាគារកណ្តាលដែលមានតម្លៃ ៩០០ប៊ីលានបាតបន្ថែមទៀត ក្នុងប្រាក់កម្ចីទន់ និងគាំទ្រដល់សញ្ញាប័ណ្ណសាជីវកម្ម។

ក្នុងចំណោមប្រាក់កម្ចីចំនួន ១ទ្រីលានបាតនោះ ថវិកាចំនួន ៦០០ប៊ីលានបាតនឹងត្រូវប្រើសម្រាប់ការងារសាធារណៈ​ និងវិធានការសង្គ្រោះ ហើយថវិកាដែលនៅសល់សម្រាប់ការកសាងសេដ្ឋកិច្ច និងការបង្កើតការងារឡើងវិញ។

ជំហានចុងក្រោយអនុវត្តតាមវិធានការជំរុញរាប់ពាន់លានដុល្លារអាម៉េរិក ដែលត្រូវបានណែនាំកាលពីដើមឆ្នាំនេះ​ដើម្បីទប់ទល់​នឹងផលប៉ះពាល់នៃមេរោគឆ្លងទៅលើវិស័យសេដ្ឋកិច្ចថៃ ដែលកំពុងឈានទៅរកវិបត្តិសេដ្ឋកិច្ច។

ប្រទេសថៃបានចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួន ដែលបានណែនាំដើម្បីទប់ស្កាត់វីរុសនេះកាលពីដើមខែឧសភា។ អាជីវកម្មជាច្រើនដែលត្រូវបានចាត់ថ្នាក់ជាហានិភ័យមធ្យម និងខ្ពស់ រួមទាំងរោងភាពយន្ត និងក្លឹបកាយសម្ព័ន្ធនឹងត្រូវអនុញ្ញាតឱ្យបើក​ដំណើរការវិញកាលពីថ្ងៃទី ១ ខែមិថុនា។

ជាមួយគ្នានេះដែរ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ បាននិយាយថា ប្រជាជនចំនួន ៨,៤លាននាក់កំពុងប្រឈម​នឹងហានិភ័យបាត់បង់ការងារនៅក្នុងឆ្នាំនេះ ដោយសារជំងឺរាតត្បាតកូវីដ-១៩ ដែលក្នុងនោះវិស័យទេសចរណ៍រងផលប៉ះពាល់ធ្ងន់ធ្ងរ​ជាងគេ។

គេបានធ្វើការប៉ាន់ប្រមាណថា ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរបរទេស និងក្នុងស្រុកមានចំនួន ២,៥លាននាក់ និង ៦៤ភាគរយ​នៃកម្មករនិយោជិតក្នុងវិស័យទេសចរណ៍​ ដែលមានចំនួនប្រមាណ ៣,៩លាននាក់អាចនឹងបាត់បង់ការងារ។

នៅក្នុងរបាយការណ៍មួយបាននិយាយថា ប្រជាជនចំនួន ១,៥លាននាក់ ឬ ២៥ភាគរយនៃកម្លាំងពលកម្មក្នុងវិស័យឧស្សាហកម្ម​ចំនួន ៥,៩លាននាក់​ក៏អាចត្រូវបានបញ្ឈប់ដោយសារតែវិបត្តិជំងឺកូវីដ​-១៩ ផងដែរ ដោយសារតែមានការកាត់បន្ថយតម្រូវការដែលបានចុះ​ខ្សោយដោយសារសង្គ្រាមពាណិជ្ជកម្ម។

ការងាររបស់ប្រជាជនចំនួន ៤,៤លាននាក់ ឬ ៤៣ភាគរយនៃប្រជាជន ១០,៣លាននាក់ដែលធ្វើការនៅក្នុងវិស័យសេវាកម្មក្រៅពី​វិស័យទេសចរណ៍ ក៏ប្រឈមនឹងហានិភ័យបាត់បង់ការងារនេះផងដែរ៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)