គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកំណត់យកថ្ងៃទី៤ មិថុនា បន្តសម័យប្រជុំ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០២ ០៦ ២០២០៖

 គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកម្ពុជា បានសម្រេចយកថ្ងៃទី៤ ខែមិថុនា បន្តសម័យប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័តនូវសំណើសេចក្តីព្រាងច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធសន្តិសុខជាតិ និងការអភិវឌ្ឍ។
របៀបវារៈដែលគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកម្ពុជា សម្រេចក្នុងកិច្ចប្រជុំដឹកនាំដោយសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២ ខែមិថុនានេះ មានដូចជា៖
១. សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ
២. សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
៣. សេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ
៤. សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជា-ណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈ ឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩។